(បាងកក)៖ យោងតាមនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ប្រទេសថៃ និងវៀតណាមគួរតែរួមគ្នាដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចចរចារបស់ខ្លួននៅក្នុងទីផ្សារពិភពលោក ដែលជាវិធានការមួយដែលគំរាមកំហែងដល់តម្លៃម្ហូបអាហារកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក ThanakornWangboonkongchana អ្នកនាំពាក្យរបស់លោក Prayut បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការបែបនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករដាំស្រូវរាប់លាននាក់នៅក្នុងប្រទេសទាំងពីរដែលបានជម្នះនឹងការកើនឡើងថ្លៃដើម ខណៈដែលតម្លៃគ្រាប់ធញ្ញជាតិនៅតែធ្លាក់ចុះ។

លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសវៀតណាម បានជួបជាមួយមន្ត្រីថៃកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយ។

ការគំរាមកំហែងបង្កើនតម្លៃអង្ករពីប្រទេសនាំចេញធំៗទាំងពីរនេះកើតឡើងក្នុងគ្រាដែលមានការកើនឡើងកិច្ចគាំពារនិយមលើស្បៀងអាហារ និងការកើនឡើងអតិផរណាខ្លាំង។ មានការព្រួយបារម្ភថា ប្រទេសឥណ្ឌាអាចដាក់កម្រិតលើការនាំចេញអង្ករផងដែរ បន្ទាប់ពីបានចាត់វិធានការហាមឃាត់ការនាំចេញស្រូវសាលី និងស្ករស ដែលធ្វើឱ្យទីផ្សារម្ហូបអាហារពិភពលោកកើនឡើងរួចទៅហើយដោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ខណៈពេលដែលប្រទេសថៃមិនគិតពីការទប់ស្កាត់ការនាំចេញនោះ ប្រទេសមានចំណាប់អារម្មណ៍ងាកទៅរកការចាប់យកឱកាសដើម្បីនាំចេញស្រូវ ខណៈដែលប្រទេសពឹងផ្អែកលើការនាំចូលស្វែងរកការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ការនិយាយចេញមកវាវាយស្រួលណាស់ ប៉ុន្តែវាស្ទើរតែមិនអាចធ្វើទៅរួចឡើយ។ យើងមិនមែនជាអ្នកលក់តែពីរនាក់នៅលើទីផ្សារឡើយនោះទេ»

ក៏មានបញ្ហាផងដែរអំពីគុណភាពដែលធ្វើឱ្យវាពិបាកក្នុងការគ្រប់គ្រងទីផ្សារ។ លោក Chookiat បានបន្តថា អង្ករត្រូវលក់ភ្លាមៗបន្ទាប់ពីច្រូតកាត់ បើមិនដូច្នេះទេគុណភាពរបស់វានឹងធ្លាក់ចុះ។ លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលយើងអាចធ្វើបានជាមួយវៀតណាមគួរតែទាក់ទងនឹងការកែលម្អផលិតកម្ម និងការផ្ទេរចំណេះដឹង»