(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់ដល់មន្រ្តីរាជការពន្ធដារទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេចនិងរួចរាល់ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ នៃការចាប់យកសេដ្ឋកិច្ចឌីជីថល។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី សេដ្ឋកិច្ចឌីជីថល ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សិក្ខាសាលានេះ មានការចូលរួមរបស់ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន សាលាជាតិពន្ធដារ និងទីចាត់ការពន្ធដាររាជធានីភ្នំពេញ លោក-លោកស្រី ប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធ ដែលបានចូលរួមដោយផ្ទាល់និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) សរុបប្រមាណ ២៣០នាក់។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺជាការយកចិត្តទុកដាក់ក្នុងការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឲ្យដើរទាន់នូវសភាពការណ៍និងវឌ្ឍនភាពថ្មីនៃសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងពេលបច្ចុប្បន្ននិងអនាគត។

ជាក់ស្តែង អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងអំពីការឈានមុខក្នុងការធើ្វបរិវត្ដកម្ម (Digital Transformation) និងរេខូបនីយកម្ម (Digitization) នៃប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ច និងរដ្ឋបាលកិច្ច។

ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល លោក គង់ វិបុល បានលើកឡើងថា គំនិតផ្ដួចផ្ដើមរៀបចំ ឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងជំរុញ ឲ្យមានការយល់ដឹងកម្រិតស៊ីជម្រៅក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់ជុំវិញប្រធានបទសេដ្ឋកិច្ចឌីជីថល ដែលបាននិងកំពុងរីកដុះដាលខ្លាំងក្លាទាំងនៅក្នុងក្របខ័ណ្ឌជាតិ តំបន់ និងពិភពលោកទាំងមូល ដែលក្នុងន័យនេះ សេដ្ឋកិច្ចឌីជីថល បានចូលខ្លួនមកជំនួសសេដ្ឋកិច្ចប្រពៃណីជាបណ្ដើរៗ។

ជាមួយគ្នានេះ លោក គង់ វិបុល បានប្រាប់ដល់មន្រ្តីរាជការពន្ធដារទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេចនិងរួចរាល់ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការចាប់យកសេដ្ឋកិច្ចឌីជីថល សំដៅទាញយកប្រយោជន៍ពីភាពរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន និងអាចតាមឲ្យទាន់នូវការវិវឌ្ឍនៃតម្រូវការការងារ និងស្របតាមការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបានកំណត់យកនូវចក្ខុវិស័យ «កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី»

លោក គង់ វិបុល បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងខិតខំធើ្វបរិវត្ដកម្ម (Digital Transformation) និងរេខូបនីយកម្ម (Digitization) នូវប្រព័ន្ធគ្រប់គ្រង និងប្រតិបត្ដិការរបស់ខ្លួនជាប្រចាំ។

ក្នុងឱកាសនោះ លោកក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លឹម ហ៊ុយជីវ វាគ្មិនប្រកបដោយសក្តានុពល សមត្ថភាព និងបទពិសោធន៍ខ្ពស់ និងវាគ្មិន ០២រូបទៀត ដែលបានចូលរួមចំណែកសម្រាប់វគ្គបណ្តុះបណ្តាល ដ៏មានសារប្រយោជន៍នេះ។

គួររំលឹកផងដែរថា គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសិក្ខាសាលានិងកម្មវិធីបណ្តុះបណ្តាលជូនអ្នកជាប់ពន្ធសរុបចំនួន ១៧ ១៥២នាក់ និងអ្នកជាប់ពន្ធ-សាធារណជនសរុបចំនួន ២២ ៩៧៦នាក់ ដែលការអនុវត្តនេះ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ «ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល» និង «គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស»