(វៀតចន្ទន៍)៖ ប្រទេសឡាវដែលប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនកំពុងធ្លាក់ចុះ និងអតិផរណាកំពុងកើនឡើង កំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលដូចគ្នាទៅនឹងបញ្ហាដែលបានរុញច្រានឱ្យប្រទេសស្រីលង្កាបរាជ័យសងបំណុល និងគំរាមកំហែងដល់ជញ្ជីងទូទាត់របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

កង្វះប្រេងឥន្ធនៈនៅទូទាំងប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនចំនួន ៧,៥ លាននាក់នេះ គឺជាសញ្ញាមិនល្អចុងក្រោយបំផុត ដោយសារតែកំណើនតម្លៃប្រេង និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺបន្ទុកបំណុលដែលធ្វើឱ្យប្រាក់បម្រុងធ្លាក់ចុះពោលគឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកុម្មុយនិស្តមួយនេះ។

លោក Anushka Shah អនុប្រធាន និងជាមន្ត្រីឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Moody's Investors Service បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «វាខិតជិតទៅរកមាត់ជ្រោះនៃការបរាជ័យសងបំណុលហើយ»។

ក្រុមហ៊ុន Moody's Investors Service របស់អាមេរិក កាលពីថ្ងៃអង្គារបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវមួយចំណាត់ថ្នាក់ដល់កម្រិត Caa3 ដោយលើកឡើងពីអភិបាលកិច្ចខ្សោយ បន្ទុកបំណុលខ្ពស់ និងទុនបម្រុងរូបិយប័ណ្ណបរទេសមិនគ្រប់គ្រាន់ដើម្បីសងបំណុលបរទេសដែលដល់ពេលត្រូវសង។

យោងតាមធនាគារពិភពលោក គិតត្រឹមខែធ្នូឆ្នាំមុន ប្រទេសឡាវមានប្រាក់បម្រុងរូបិយប័ណ្ណបរទេសចំនួន ១,៣ប៊ីលានដុល្លារ ខណៈដែលការសងបំណុលបរទេសសរុបមានបរិមាណដូចគ្នានេះជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៥ ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលក្នុងស្រុកសរុប។

ក្រសួងហិរញ្ញវត្ថុឡាវមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Bloomberg ទេ។

ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសផ្សេងៗធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារ និងធ្វើឱ្យតម្លៃទំនិញនាំចូលមានតម្លៃថ្លៃ រួមទាំងប្រេងផងដែរ ដែលភាគច្រើនដោយសារតែការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បាននាំឱ្យបន្ទុកបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍កើនឡើងខ្ពស់ និងធ្លាក់ចុះប្រាក់ចំណូល និងមានសាច់ប្រាក់បម្រុងមិនគ្រប់គ្រាន់។

កត្តាទាំងអស់នេះហើយ បានរុញច្រានប្រទេសស្រីលង្កាឱ្យដើរចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅដើមឆ្នាំនេះ ដោយបានធ្វើឱ្យប្រទេសនេះមិនអាចនាំចូលឥន្ធនៈ អាហារ និងថ្នាំពេទ្យ បរាជ័យសងបំណុល និងកំពុងស្វះស្វែងរកមូលនិធិពីបរទេស។

គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ដែលកំពុងកាន់អំណាចនៅប្រទេសឡាវ ត្រូវបានរំពឹងថានឹងជម្នះនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ។

លោក Harrison Cheng នាយករងក្រុមហ៊ុន Control Risks ប្រាប់ Bloomberg ថា បើទោះជាវាមិនទំនងជាមានបាតុកម្មដូចដែលធ្លាប់កើតមាននៅស្រីលង្កាដែលបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa ចុះចេញពីតំណែងក្តី ក៏ភាពមិនសប្បាយចិត្តក្នុងចំណោមប្រជាជនអាចមានផលវិបាកធ្ងន់ធ្ងរដល់ការដឹកនាំបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើគណបក្ស LPRP ព្យាយាមផ្គាប់ចិត្តសាធារណជន ដើម្បីទិញពេលវេលារហូតដល់វិបត្តិសេដ្ឋកិច្ចថមថយ អ្វីដែលទំនងជានឹងកើតឡើង គឺត្រូវលះបង់មន្ត្រីកំពូលៗ រដ្ឋមន្ត្រី ឬសូម្បីតែនាយករដ្ឋមន្ត្រី Phankham Viphavanh។ សំណួរសួរថាតើគណបក្ស LPRP អាចយកដោះស្រាយបានលឿនដែរឬទេ ដោយសារវិបត្តិបំណុលធ្ងន់ធ្ងរ ហើយការកើនឡើងអតិផរណាគ្មានសញ្ញាថានឹងដល់ទីបញ្ចប់»

ការដំឡើងបំណុលសាធារណៈនៅប្រទេសឡាវកាលពីឆ្នាំមុនបានកើនឡើងដល់ ១៤,៥ប៊ីលានដុល្លារ ដោយប្រហែលពាក់កណ្តាលជាប់ជំពាក់ប្រទេសចិន នេះបើយោងតាមធនាគារពិភពលោក។ ផ្នែកមួយនៃកាតព្វកិច្ចបំណុលរបស់ប្រទេសនេះ គឺជាប្រាក់កម្ចីដើម្បីផ្តល់មូលនិធិដល់ចំណែក ៣០%របស់ខ្លួននៃគម្រោងផ្លូវដែកចិន-ឡាវដែលមានតម្លៃ ៥,៩ប៊ីលានដុល្លារ ដែលបានដំណើរការកាលខែធ្នូឆ្នាំមុន។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា «បំណុលសាធារណៈមានកម្រិតខ្ពស់ ហើយហានិភ័យនៃវិបត្តិបំណុលនៅតែកើនឡើង» នៅក្នុងរបាយការណ៍ Article IV Consultation ឆ្នាំ២០១៩ ជាធម្មតាត្រូវបានចេញផ្សាយបន្ទាប់ពីមូលនិធិនេះជួបពិភាក្សាជាមួយមន្ត្រីរបស់ប្រទេសជាសមាជិកនីមួយៗរួច។ អាជ្ញាធរឡាវមិនបានយល់ព្រមឱ្យមានការចេញផ្សាយរបាយការណ៍នេះសម្រាប់ឆ្នាំ២០២១ ដែលបានបញ្ចប់ក្នុងខែមីនាទេ ដោយគ្មានបញ្ជាក់ពីហេតុផល។

ដោយរូបិយប័ណ្ណ «គីប» របស់ប្រទេសនេះបានធ្លាក់ថ្លៃ ៣៦% កាលពីឆ្នាំមុនធៀបនឹងប្រាក់ដុល្លារ ប្រទេសឡាវកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៤មក ដែលកើនឡើងដល់ជិត ១៣% កាលពីខែមុន។ នោះជាការលំបាកខ្លាំងសម្រាប់ប្រទេសមួយដែលមានប្រជាជនច្រើនជាងមួយភាគបីត្រូវបានគេព្យាករណ៍ថាមានប្រាក់ចំណូលទាបជាងអត្រាភាពក្រីក្រដែលមានចំណូលមធ្យមកម្រិតទាប (the lower middle-income poverty rate) នៅឆ្នាំនេះ។

លោក Khoon Goh ប្រធានផ្នែកស្រាវជ្រាវអាស៊ីនៃក្រុមហ៊ុន Australia & New Zealand Banking Group មានមូលដ្ឋាននៅសិង្ហបុរីបានថ្លែងថា៖ «មានកង្វះខាតប្រាក់ដុល្លារ។ មានលទ្ធភាពមិនគ្រប់គ្រាន់ក្នុងការកាន់កាប់ប្រាក់ដុល្លារអាមេរិកដើម្បីទូទាត់សម្រាប់ការនាំចូលទំនិញ ហើយនោះមកពីការកើតមានឱនភាពគណនីចរន្តជាច្រើនឆ្នាំ»

ការធ្លាក់ចុះថ្លៃរូបិយប័ណ្ណ បានរារាំងក្រុមហ៊ុននាំចូលដែលស្វែងរកការទិញឥន្ធនៈគ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុក ដែលបណ្តាលឱ្យមានគម្លាតផ្គត់ផ្គង់ខ្លាំង និងមានការតម្រងជួរដ៏វែងនៅតាមស្ថានីយប្រេង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីខែឧសភាថា ឡាវទទួលបានតិចជាងពាក់កណ្តាលនៃប្រេងឥន្ធនៈ ១២០លានលីត្រដែលត្រូវការក្នុងមួយខែ ដើម្បីបំពេញតម្រូវការសាធារណៈ។

លោក Pedro Martins សេដ្ឋវិទូប្រចាំប្រទេសឡាវរបស់ធនាគារពិភពលោកបានឱ្យដឹងថា៖ «ការខ្វះខាតប្រេងឥន្ធនៈរ៉ាំរ៉ៃ បានរំខានដល់វិស័យកសិកម្ម សេវាកម្មដឹកជញ្ជូន និងវិស័យជាច្រើនទៀតនៃសេដ្ឋកិច្ច ហើយផលប៉ះពាល់សេដ្ឋកិច្ចដោយសារកង្វះប្រេងនេះអាចស្រដៀងទៅនឹងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ នៅពេលដែលការរឹតបន្តឹងប៉ះពាល់យ៉ាងខ្លាំងដល់ការចល័តទី និងចង្វាក់ផ្គត់ផ្គង់»

បើទោះជាសេដ្ឋកិច្ចឡាវត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣,៨% នៅឆ្នាំនេះក៏ដោយ ក៏វាអាស្រ័យលើការចរចាឡើងវិញអំពីការសងបំណុលដែលជោគជ័យមួយ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកនាពេលថ្មីៗនេះ។ ក្រុមហ៊ុន Moody's បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវ ដើម្បីឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកសាច់ប្រាក់ងាយស្រួលរបស់រដ្ឋាភិបាលធ្ងន់ធ្ងរ និងកម្រិតប្រាបក់ម្រុងរូបិយប័ណ្ណបរទេសទាបនៅឆ្នាំ២០២០។

លោក Alex Kremer ប្រធានគ្រប់គ្រងប្រចាំប្រទេសឡាវនៅធនាគារពិភពលោកបាននិយាយកាលពីខែមុនថា៖ «ដោយសារបំណុលរដ្ឋាភិបាល និងការប្រមូលចំណូលមិនល្អ ស្ថានភាពនេះកំពុងប្រកបញ្ហា ប្រឈមពិសេស។ ដូច្នេះ អាទិភាពគោលនយោបាយកំពូលគឺដើម្បីបង្កើនប្រាក់ចំណូលសាធារណៈដោយពិនិត្យមើលការលើកលែងពន្ធ»

ទីភ្នាក់ងាព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Jeremy Zook នាយកវាយតម្លៃបំណុលរដ្ឋាភិបាលនៃទីភ្នាក់ងារវាយតម្លៃ Fitch Ratings Inc និងជាអ្នកវិភាគនាំមុខសម្រាប់ប្រទេសឡាវថា ការផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត CCC ពីក្រុមហ៊ុន Fitch Ratings ឆ្លុះបញ្ចាំងពីភាពអាចកើតមានការបរាជ័យសងបំណុល។ លោកបន្តថា កត្តាសំខាន់មួយដែលត្រូវដើរទៅមុខគឺបំណុលដែលជំពាក់ប្រទេសចិន។

លោក Zook បានថ្លែងថា៖ «ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ការបន្ធូរបន្ថយណាមួយនៃការទូទាត់នៅខាងមុខ អាចមានលទ្ធផលយ៉ាងសំខាន់សម្រាប់ប្រវត្តិសងបំណុលនោះ។ វាមិនដឹងនោះទេថាតើ ពួកគេនឹងទទួលបានផ្លូវណាខ្លះពីប្រទេសចិនដើម្បីដើរ»