(ភ្នំពេញ)៖ វិស័យកាត់ដេរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនរឹងមាំក្នុងអត្រា ៨.១% ក្នុងឆ្នាំ២០២៣ ដោយសារ ការបន្តកើនឡើងតម្រូវការពីទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ខណៈកម្ពុជាគ្រប់គ្រងការរីករាលជំងឺកូវីដ១៩បានល្អ។
យោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា វិស័យឧស្សាហកម្មទាំងមូលនឹងបន្តនិន្នាការកើនឡើងក្នុងអត្រា៩.២% ក្នុងឆ្នាំ ២០២៣ ដែលកំពុង វិលត្រឡប់មករកនិន្នការកំណើនមុនពេលវិបត្តិជំងឺកូវីដ១៩ ដែលគាំទ្រដោយការបន្តភាពល្អប្រសើរនៃ តម្រូវការខាងក្រៅ ដែលនឹងជំរុញនៃអនុវិស័យកាត់ និងកម្មន្តសាលមិនមែនកាត់ដេរ។
ក្នុងនោះដែរអនុវិស័យកាត់ដេរ ត្រូវបានព្យាករថានឹងបន្តសម្រេចបានកំណើនរឹងមាំក្នុងអត្រា ៨.១% ក្នុងឆ្នាំ ២០២៣ ដែលគាំទ្រដោយស្ថិរភាពនៃកត្តាក្នុងស្រុក ដែលសម្រេចបានតាមរយៈអត្រាចាក់វ៉ាក់សាំងខ្ពស់របស់កម្មករ-និយោជិត, ភាពល្អប្រសើរនៃកត្តាខាងក្រៅ ជាពិសេសការរំពឹងទុកនូវការបន្តកើនឡើង តម្រូវការពីទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ជាពិសេសប្រទេសមីយ៉ាន់ម៉ា។
ទោះជាយ៉ាងនេះក្តី សម្រាប់អនុវិស័យកាត់ដេរ អាចនៅបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសជិតខាង ការបាត់បង់នូវការបង្វែរការបញ្ជាទិញភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ និងភាពមានកម្រិត នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្ម ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឱ្យ Fresh News ដឹងនៅថ្ងៃទី១៧ ខែមិថុនានេះថា កំណើនដែលបានព្យាករណ៍ដោយរាជរដ្ឋាភិបាលនេះ អាចជាតួលេខប្រាកដនិយម ដែលវិស័យកាត់ដេរនៅកម្ពុជាសម្រេចបាន។
លោកបានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យសម្រេចបានកំណើននេះ ដោយផ្អែកលើស្ថិរភាពផលិតកម្ម ដែលឧស្សាហកម្មនេះ នៅតែបន្តផលិតបានដោយគ្មានការរាំងស្ទះ ពីការវាយប្រហារពីជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងដល់កម្មករ និយោជិតក្នុងវិស័យនេះ។ ទន្ទឹមគ្នានេះ បើនិយាយពីប្រាក់ឈ្នួលវិញ ទោះបីជាប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់បន្តិច ប៉ុន្តែអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ក្នុងស្ថានបច្ចុប្បន្ននេះ។ ព្រមជាមួយគ្នានេះ កម្ពុជានៅតែទទួលបានភាពអនុគ្រោះពន្ធពីទីផ្សារធំៗ មួយចំនួនដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ជប៉ុន ដែលធ្វើឱ្យការនាំចេញទៅទីផ្សារទាំងនេះកើនឡើង ខណៈការនាំចេញទៅចិនក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ លើសពីនេះ ការផ្ទេរទិសដៅការបញ្ជាទិញពីប្រទេសមួយចំនួន ជាពិសេសផ្ទេរទិសដៅចិន ក៏បានចូលរួមចំណែកគាំទ្រដល់វិស័យនេះ នៅកម្ពុជាផងដែរ។
លោកបន្តថា សម្រាប់ការបញ្ជាទិញនៅឆ្នាំនេះ នៅរយៈពេល៣ខែដំបូងមានកំណើនល្អប្រសើរ គឺកើនឡើងប្រមាណ៣០%។ លោករំពឹងថា នៅឆ្នាំ២០២៣ ការបញ្ជាទិញនឹងរក្សាកំណើនល្អប្រសើរ។ តែយ៉ាងនេះក្តី លោកក៏បារម្ភពីបញ្ហាប្រឈមមួយចំនួន រាំងស្ទះដល់វិស័យនេះផងដែរ។
លោកបានលើកឡើងថា ជាការពិតហើយ យើងមានកត្តាប្រឈមនៅខាងក្នុងគឺការវិវត្តនៃប្រាក់ឈ្នួលកើនឡើងខ្ពស់ ហើយយើងដឹងហើយថាយើងមានការចរចាប្រចាំឆ្នាំដែលនេះក៏ជាសម្ពាធមួយទៀតសម្រាប់យើង។ បញ្ហាទី២នោះ គឺយើងកង្វះខាតនូវការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក យើងអត់មានវត្ថុធាតុដើមក្នុងស្រុកខ្លួនឯង យើងពឹងផ្អែកទាំងស្រុងពីខាងក្រៅ ដែលធ្វើឱ្យពេលវេលានៃការផលិតត្រូវការពេលយូរ នេះជាបញ្ហាដែលយើងត្រូវដោះស្រាយ។ សម្រាប់កត្តាខាងក្រៅវិញ យើងដឹងហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ ដោយសារសង្រ្គាមនៅអ៊ុយក្រែន អីចឹងវាបង្កទៅជាបញ្ហាមួយចំនួនដូចជាបញ្ហាអតិផរណា ភាពមិនប្រាកដប្រជានៃទីផ្សារ និងការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងការឡើងថ្លៃដឹកជញ្ជូនជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការរំពឹងកំណើនវិស័យកាត់ដេរនេះ ដោយសារចំនួនរោងចក្រនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលវិស័យនេះ បានងើបចេញពីវិបត្តិរួចហើយ ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាតនេះ នៅក្នុងរោងចក្រ បានជោគជ័យ ដែលជំរុញឱ្យវិនិយោគគិនពីបណ្តាប្រទេសមួយចំនួន ដូចជាស្រីលង្ការ បង់ក្លាដេសជាដើម បានផ្ទេរកម្ពុជា ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន។
លោកបារម្ភថា វិស័យនេះនឹងប្រឈមហានិភ័យនាពេលខាងមុខផងដែរ ដោយសារតែកម្ពុជានឹងប្រឈមនឹងភាពឆ្អែតនៃវិស័យកាត់ដេរ។
លោកពន្យល់យ៉ាងដូច្នេះថា យើងដេរតាំងពីឆ្នាំ១៩៩៦មក មកដល់ឥឡូវនេះជាង៣៦ឆ្នាំហើយ ដូច្នេះហើយកម្ពុជា ត្រូវតែត្រៀមខ្លួនការផ្លាស់ប្តូររបត់ផលិតកម្មរបស់ខ្លួន ចេញពីកម្លាំងដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ឱ្យទៅជាឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ហេតុនេះត្រូវការកែប្រែកម្លាំងពលកម្មរបស់ខ្លួន ឱ្យចេញពីវិស័យរោចក្រនេះ ដែលអាចធ្វើពិពិធកម្មនៃផលិតកម្មបានច្រើន។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៥ខែ ឆ្នាំ២០២២នេះ ការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ៣ ៦៤២ លានដុល្លារ និងស្បែកជើងមានតម្លៃជាង ៧០២លានដុល្លារ៕