(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអះអាងពីការត្រៀមនូវវិធានការចាំបាច់នានា ដើម្បីធ្វើយ៉ាងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា រក្សានូវស្ថិរភាពហិរញ្ញវត្ថុ ដែលជាអាទិភាពចម្បង។
ការបញ្ជាក់របស់លោកស្រីធ្វើឡើង ក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។
លោកស្រីបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។
បច្ចុប្បន្ន កម្ពុជាបានបើកប្រទេសឡើងវិញ ដោយមិនមានការរឹតបន្តឹងក្នុងការធ្វើដំណើរទៀតទេ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមិនមានករណីឆ្លងថ្មីគួរឱ្យព្រួយបារម្ភ។ ចំពោះសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ។
យ៉ាងណាមិញ ការរាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មី ដែលអាចមានភាពធ្ងន់ធ្ងរ ហើយការរីករាលដាលលឿននៅតែបន្តមាន។
លោកស្រីបន្តទៀតថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិធានការបិទខ្ចប់របស់ប្រទេសចិន បាននិងកំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ អតិផរណាមានកម្រិតខ្ពស់រួចទៅហើយ ដោយសារអតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបានកើនឡើងបន្ថែមទៀត។
ស្ថានភាពនេះ បានជំរុញឱ្យធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើងអត្រាការប្រាក់គោល ដើម្បីទប់ស្កាត់កំណើតអតិផរណា ដែលការណ៍នេះ អាចបណ្ដាលឱ្យសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹង នៃស្ថានភាពហិរញ្ញវត្ថុ លំហូរចេញមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់។
លោកស្រីបញ្ជាក់បន្ថែមថា «ស្ថិតក្នុងស្ថានភាពប្រឈមនេះ ធនាគារជាតិកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើវឌ្ឍភាពប្រព័ន្ធធនាគារកម្ពុជានិងសេដ្ឋកិច្ចជារួម និងត្រៀមចាត់វិធានការតាមការចាំបាច់នានា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅតែជាការងារអាទិភាពចម្បង»។
លោកស្រីបានលើកឡើងថា ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងអាចផ្តល់ឥណទានចាំបាច់ ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ក្នុងអំឡុងឆ្នាំ២០២១ ទ្រពសកម្ម និងប្រាក់បញ្ញើនៃប្រព័ន្ធធនាគារបានកើនឡើង ១៨% និង ១៧,៧% រៀងគ្នា ហើយឥណទានបានកើនឡើង ២៣,៥%។
ស្របពេលជាមួយគ្នានេះ គុណភាពទ្រព្យសកម្មនៅបន្តមានភាពល្អប្រសើរ ជាមួយនឹងសន្ទនីយភាពមានកម្រិតខ្ពស់ជាង ការកំណត់របស់បទប្បញ្ញត្តិ ខណៈ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បន្តរក្សាបាននូវភាពគ្រប់គ្រាន់នៃកម្រិតដើមទុន ស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ ស្របតាមគោលនយោបាយ របស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញសរុប ៣១០. ៧៤៦ គណនី ឬគិតជាចំនួនទឹកប្រាក់ស្មើនឹង ២០.១ ទ្រីលានរៀល (ឬប្រមាណ១០% នៃឥណទានសរុប) ចាប់តាំងពីការរាលដាលនៃជំងឺកូវីដ-១៩។
ក្រៅពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានបន្តរីកចម្រើនជាលំដាប់ផងដែរ។ ទីផ្សារភាគហ៊ុនកម្ពុជាបានស្វាគមន៍ការចុះបញ្ជីក្រុមហ៊ុន ទៅក្នុងទីផ្សារកំណើន សម្រាប់សហគ្រាសធុនតូចនិងមធ្យម ជាលើកដំបូង ចាប់តាំងពីការបង្កើតប្រភេទទីផ្សារនេះក្នុងឆ្នាំ២០១៥។ មូលធនូបនីយកម្មទីផ្សារមូលបត្របំណុលកម្ពុជា បានកើនឡើងដល់ ៥៤២.៤ ទ្រីលានរៀល ដោយក្នុងនោះ ៧០% ជារបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
ចំណុចដែលគួរឱ្យកត់សម្គាល់ចុងក្រោយ ដូចដែលមានរៀបរាប់នៅក្នុងជំពូកថ្មីស្តីពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺប្រព័ន្ធទូទាត់ឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរ ទំនិញនិងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយ តាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើង ៣៤.៥% ស្មើនឹង ៣,៨ ដងនៃផ.ស.ស. ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក (E-Wallet) បានកើនឡើងដល់ ១៣.៦ លានគណនី ដែលស្មើនឹងជាង ៨០% នៃចំនួនប្រជាជនសរុប៕