(ភ្នំពេញ)៖ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានអះអាងពីភាពរឹងមាំនៃវិស័យធានារ៉ាប់រង នៅក្នុងប្រទេសកម្ពុជា និងប្រាប់ឲ្យប្រជាពលរដ្ឋ កុំបារម្ភរឿងប្រាក់សំណង ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា សុទ្ធតែមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន។

អ្វីជាជំនឿចិត្ដ សម្រាប់អ្នកប្រើប្រាស់ធានារ៉ាប់រង នៅពេលផ្ដល់លុយឲ្យក្រុមហ៊ុនធានារ៉ាប់រងហើយ ពេលជួបបញ្ហាទទួលបានសំណងត្រឡប់មកវិញ? ត្រូវបានលោក ហ៊ុយ វ៉ាថារ៉ូ បានឲ្យដឹងថា វិស័យធានារ៉ាប់រង ជាវិស័យមួយស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យ ដោយអាជ្ញាធរមានសមត្ថកិច្ចច្បាស់លាស់ និងមានបទបញ្ញត្ដិត្រឹមត្រូវ។

លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនធានារ៉ាប់រង គឺតម្រូវឲ្យអនុវត្ដតាមបទបញ្ញត្ដិ ដែលចេញដោយនិយ័តករធានារ៉ាប់រង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីសំដៅជាគោលការណ៍មួយ ក្នុងចំណោមបទបញ្ញត្ដិ គឺធានាថា ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ មានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន នាពេលអនាគត»

លោក ហ៊ុយ វ៉ាថារ៉ូ បានគូសបញ្ជាក់ថា អតិថិជនដែលទិញប័ណ្ណធានារ៉ាប់រង គឺត្រូវបានទទួលការការពារ ដែលមានន័យថា នៅពេលដែលមានហេតុការណ៍អ្វីកើតឡើង ដែលត្រូវទទួលសំណង ត្រូវមានយុទ្ធការច្បាស់លាស់ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ទូទាត់សំណងទៅឲ្យអតិថិជន។

បន្ថែមពីនោះទៀតថា លោកបានបញ្ជាក់ថា រាល់ការទិញសន្យាធានារ៉ាប់រង នៅក្នុងប័ណ្ណសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ប់រង តែងតែដាក់បង្ហាញមួយថា តើហានិភ័យអ្វីខ្លះ ដែលគេគ្របដណ្ដប់ នៅក្នុងកិច្ចសន្យាធានារ៉ាប់រង ហើយប្រសិនជាមានហានិភ័យកើតឡើង ស្របតាមអ្វីដែលកំណត់ទៅតាមលក្ខខណ្ឌកិច្ចសន្យា ត្រូវមានព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងទាមទារសំណង។

ទន្ទឹមគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ បានឲ្យដឹងថា នៅពេលដែលបុគ្គលធានាខ្លួនឯង បានទិញធានារ៉ាប់រងអាយុជីវិត ហើយជួយរឿងអកុសល បានស្លាប់បាត់បង់ជីវិត គឺនៅក្នុងប័ណ្ណធានារ៉ាប់រង តែងតែមានអ្នកទទួលផលជំនួស ដូច្នេះនៅពេលគាត់ទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត សូមប្រាប់ទៅដល់អ្នក ដែលទទួលផលជំនួសឲ្យបានដឹងផងដែរ។

ទោះបីជាអ្នកទទួលផលមិនបានដឹង ជាគោលការណ៍មួយ របស់ក្រុមហ៊ុនធានារ៉ាប់រង តែងតែព្យាយាមរកហេតុផលមួយល្អៗ ដើម្បីសងសំណង ហើយជាទូទៅក្រុមហ៊ុនធានារ៉ាប់រង មិនព្យាយាមរកហេតុផលមួយ ដើម្បីមិនសងសំណងនោះឡើយ ដែលនេះសុទ្ធតែគោលការណ៍ និងវិជ្ជាជីវៈរបស់ក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុយ វ៉ាថារ៉ូ។

សូមបញ្ជាក់ថា សំណងធានារ៉ាប់រង ដែលក្រុមធានារ៉ាប់រង បានទូទាត់សងជូនអតិថិជន ក្នុងឆ្នាំ២០២១ មាន៤១.២លានដុល្លារអាមេរិក ក្នុងនោះ សំណងធានារ៉ាប់រងអាយុជីវិត ១០.៦លានដុល្លារអាមេរិក (សំណងលើការស្លាប់ប្រមាណ ៨.៣លានដុល្លារ), សំណងធានារ៉ាប់រងទូទៅ ២៩.៧លានដុល្លារអាមេរិក និងសំណងធានារ៉ាប់រងខ្នាតតូច ៧៦ម៉ឺនដុល្លារអាមេរិក។

មកដល់ពេលនេះ អ្នកដែលផ្ដល់សេវាធានារ៉ាប់រងផ្ទាល់ គឺក្រុមហ៊ុនធានារ៉ាប់រង មានចំនួន៣៩ក្រុមហ៊ុន ក្នុងនោះ បែងចែកជា៣ប្រភេទរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន១៤ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មានចំនួន៧ក្រុមហ៊ុន និងក្រុមធានារ៉ាប់រងបន្ដចំនួន១។

ក្រៅពីក្រុមហ៊ុនធានារ៉ាប់រង គឺមានអន្ដរការីធានារ៉ាប់រង ដែលជាអ្នកផ្ដល់សេវាជំនួសឲ្យក្រុមហ៊ុនធានារ៉ាប់រង ដោយមានក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣១ ក្នុងនោះចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលផ្តល់សេវាភ្នាក់ងារធានារ៉ាប់រង មានចំនួន២៧។

ឆ្នាំ២០២១ បុព្វលាភធានារ៉ាប់រង មានចំនួនសរុប២៩៧.៦លានដុល្លារអាមេរិក មានកំណើន៩.៦% ធៀបនឹងឆ្នាំ២០២០។ កំណើនជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានប្រមាណ២០%៕