(ហាណូយ)៖ តម្លៃប្រេងសាំងប្រភេទ RON 95 របស់វៀតណាមបានកើនឡើង ១,៥៤ភាគរយកាលពីថ្ងៃអង្គារដល់កម្រិតខ្ពស់ថ្មីមួយមិនធ្លាប់មានពីមុនមកគឺ ៣២ ៨៧០ដុង (១,៤២ដុល្លារ) ក្នុងមួយលីត្រ ដែលបានកើនឡើង ៤១ភាគរយរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។

នេះជាការកើនឡើងលើកទីប្រាំពីរជាប់គ្នាសម្រាប់ប្រភេទប្រេងសាំងដ៏ពេញនិយមនេះគិតចាប់តាំងពីពាក់កណ្តាលខែមេសាមក។ ប្រភេទប្រេងសាំងនេះមានអ្នកប្រើប្រាស់ ៧០ភាគរយនៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបក្នុងប្រទេសវៀតណាម។

កាសែត VN Express International របស់វៀតណាមបានរាយការណ៍ថា ប្រេងជីវឥន្ធនៈ RON 92 ក៏បានឡើងថ្លៃ ០,៦១ភាគរយផងដែរដល់ ៣២ ៣៧០ដុងក្នុងមួយលីត្រដែលបានកើនឡើង ៤៣,៥ភាគរយនៅឆ្នាំនេះ ខណៈដែលប្រេងម៉ាស៊ូតបានឡើងថ្លៃ ៣,៤ភាគរយកាលពីថ្ងៃអង្គារ។

មូលនិធិស្ថិរភាពប្រេងឥន្ធនៈរបស់វៀតណាមដែលបង្កើតឡើងដើម្បីទប់ស្កាត់ការកើនឡើងតម្លៃទំនិញបច្ចុប្បន្ននេះស្ថិតនៅកម្រិតអវិជ្ជមាន។

រដ្ឋាភិបាលវៀតណាមបានកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ធនៈចំនួនពាក់កណ្តាលមកនៅត្រឹម ២ ០០០ដុង ចាប់ពីខែមេសាសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ហើយកំពុងពិចារណាកាត់បន្ថយចំនួន ១ពាន់ដុងទៀត។

កាសែត VnExpress International បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា ការឡើងថ្លៃប្រេងឥន្ធនៈបានដាក់បន្ទុកយ៉ាងខ្លាំងក្រុមហ៊ុនអាជីវកម្មដឹកជញ្ជូន។

ក្រុមហ៊ុន Nhat Tin Logistics ដែលដំណើរការរថយន្តដឹកទំនិញចំនួន ៤៥០ គ្រឿងបានមើលឃើញថា តម្លៃប្រេងឥន្ធនៈកើនឡើងជិត ២០ភាគរយនៅចន្លោះខែមេសាដល់ខែឧសភា។

លោក Nguyen Van Tu នាយកប្រតិបត្តិក្រុមហ៊ុន Nhat Tin Logistics បានប្រាប់កាសែត VnExpress International ថា៖ «ការកើនឡើងតម្លៃសាំងបានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងលើអាជីវកម្ម ជាពិសេសក្នុងវិស័យដឹកជញ្ជូន»។

ដោយសារតម្លៃប្រេងឥន្ធនៈមានចំណែកប្រហែល ៤០ ភាគរយនៃថ្លៃដើម ក្រុមហ៊ុនកំពុងចរចាជាមួយអតិថិជនរបស់ខ្លួនដើម្បីបង្កើនតម្លៃសេវា ៥ភាគរយ ហើយក្រុមហ៊ុនគ្រោងកាត់បន្ថយការចំណាយដែលមិនចាំបាច់ផ្សេងៗ។

ក្រុមហ៊ុន Nhat Tin Logistics គឺស្ថិតក្នុងចំណោមក្រុមហ៊ុនអាជីវកម្មជាច្រើនដែលកំពុងរងគ្រោះដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលគំរាមកំហែងឱ្យមានកំណើនអតិផរណា ហើយជាចុងក្រោយធ្វើឱ្យថមថយដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលរងគ្រោះដោយសារជំងឺកូវីដរយៈពេលពីរឆ្នាំ៕