(ហាណូយ)៖ ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលវៀតណាមបានលក់ចេញប្រាក់ដុល្លារប្រហែល ៧ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ ដើម្បីរក្សាតុល្យភាពប្រភពផ្គត់ផ្គង់និងតម្រូវការប្រាក់ដុល្លារក្នុងទីផ្សារប្តូរប្រាក់ក្នុងស្រុក។ នេះបើយោងតាមកាសែត Vietnam News របស់វៀតណាម។

យោងតាមកាសែត Vietnam News អត្រាប្តូរប្រាក់រវាងប្រាក់ដុល្លារអាមេរិកនិងប្រាក់ដុងវៀតណាមនៅធនាគារ Vietcombank មកដល់ពេលនេះបានកើនឡើងប្រហែល ២ភាគរយ។

យោងតាមស្ថិតិរបស់ Bloomberg ក្នុងរយៈពេល ៥ខែដំបូងនេះ អត្រាជាមធ្យមនៅតាមធនាគារពាណិជ្ជនានារបស់វៀតណាមបានកើនឡើងប្រហែល ១,៧ភាគរយ។ ក្នុងអំឡុងខែឧសភា និងក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃខែមិថុនា ប្រាក់ដុងបានធ្លាក់ចុះថ្លៃប្រហែល ១ភាគរយនៅលើទីផ្សារប្តូរប្រាក់ផ្លូវការ។

ទោះជាយ៉ាងណា នៅក្នុងបរិបទដែលរូបិយប័ណ្ណភាគច្រើនបានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ ប្រាក់ដុងនៅតែមានស្ថិរភាព។

យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Viet Dragon Securities Corporation (VDSC) អត្រាប្តូរប្រាក់ក្នុងស្រុកអាចស្ថិតនៅក្រោមសម្ពាធខ្ពស់កាន់តែខ្លាំងក្នុងពេលខ្លះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែ ធនាគារកណ្តាលវៀតណាមនឹងមានធនធានគ្រប់គ្រាន់ដើម្បីធ្វើអន្តរាគមន៍ និងរក្សាតុល្យភាពឡើងវិញនៅពេលចាំបាច់។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់វៀតណាមបច្ចុប្បន្នមានចំនួន ១០០ប៊ីលានដុល្លារអាមេរិក ដែលអាចនាំចូលទំនិញចាំបាច់សម្រាប់រយៈពេល ៣,‌១ខែ ហើយត្រូវបានព្យាករថានឹងបន្តកើនឡើង។

អត្រាប្តូរប្រាក់នៅធនាគារ BIDV មានអត្រា ២៣ ១០០ដុងក្នុងមួយដុល្លារសម្រាប់ការទិញចូល និង ២៣ ៣៨០ដុងក្នុងមួយដុល្លារសម្រាប់ការលក់ចេញ ដែលធ្លាក់ចុះ ១០ដុងដូចគ្នាធៀបនឹងអត្រាប្តូរប្រាក់នៅថ្ងៃទី២០ ខែមិថុនា។ នេះបើយោងតាមកាសែត Vietnam News៕