(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនដំឡើងរថយន្តមិនតិចជាង៧ក្រុមហ៊ុនទេ ដែលកំពុងធ្វើប្រតិបត្តិការ ដំឡើងរថយន្តថ្មីនៅកម្ពុជា។

ការកើនឡើងនៃរោងចក្រដំឡើងរថយន្តនេះ ត្រូវបានសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) យល់ឃើញថានឹងជួយឲ្យកម្ពុជា បង្កើនផលិតកម្មក្នុងស្រុក, បង្កើនការងារដល់ប្រជាពលរដ្ឋ ជួយឲ្យពួកគាត់មានចំណូលល្អប្រសើរ ជាពិសេសតម្លៃរថយន្ដអាចនឹងប្រសើរជាងរថយន្ដនាំចូល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក សឿន ដារ៉ា បានបញ្ជាក់ថា ចំពោះក្រុមហ៊ុនរថយន្ដមួយចំនួន ចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្ដ នៅប្រទេសកម្ពុជា ដោយសង្កេតឃើញពីកាលានុវត្ដភាព នៃប្រទេសកម្ពុជា ជាមួយនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់ល្អប្រសើរ។

ជាពិសេស តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាប្រទេស ដែលកម្រិតចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ ដែលជាទំនុកចិត្ដដល់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា និងកំណើននៃការប្រើប្រាស់រថយន្ដថ្មី នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងយ៉ាងគំហុក ក្នុងឆ្នាំ២០២២នេះ បើប្រៀបធៀបនឹងរយៈពេល៥ឆ្នាំមុន។ នេះជាការបញ្ជាក់បន្ថែម របស់លោក សឿន ដារ៉ា។

លោក សឿន ដារ៉ា បានលើកឡើងថា ចំពោះតម្លៃរថយន្ដ វានឹងអាចប្រសើរជាងរថយន្ដ ដែលនាំចូលពីក្រៅប្រទេស ដោយសារពន្ធមានការថយជាង ការនាំចូលរថយន្ដទាំងមូល។

ទោះបីជាយ៉ាងណានេះក្ដី លោកថា ពន្ធអាចធូរទៅបានដរាបណារាជរដ្ឋាភិបាល ជួយសម្របសម្រួលពន្ធ នៃគ្រឿងបន្លាស់ គ្រឿងបង្កុំយានយន្ដ ដែលនាំចូលមកប្រទេសកម្ពុជា ដោយផ្ដល់ជាការលើកទឹកចិត្ដ ផ្នែកពន្ធ ឬក៏កាត់បន្ថយពន្ធ ទាក់ទងនឹងគ្រឿងបន្លាស់ និងគ្រឿងបង្គុំ ទើបធ្វើឲ្យរថយន្ដមានតម្លៃល្អប្រសើរ។

លោក សឿន ដារ៉ា បានថ្លែងបែបនេះថា «បើសិនជាយើងមានរោងចក្រដំឡើងច្រើន នៅក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្ដែបើសិនជាយើងបន្ដនាំចូលគ្រឿងបន្លាស់ពីក្រៅសុទ្ធសឹង១០០ភាគរយ ដូចពេលបច្ចុប្បន្ន វាធ្វើឲ្យតម្លៃមិនអាចទាបខ្លាំងនោះទេ»។

ជាមួយគ្នានេះ នាយកប្រតិបត្ដិរូបនេះបានលើកឡើងថា កម្ពុជាត្រូវទាកទាញវិនិយោគិន មកវិនិយោគលើគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ដំឡើងរថយន្ដ នៅក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យតម្លៃរថយន្ដមានការកាត់បន្ថយខ្លាំង។

បើតាមលោក សឿន ដារ៉ា ការប្រើប្រាស់រថយន្ដថ្មី នៅកម្ពុជា មានកំណើនជាងប្រមាណ៥០ភាគរយ ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេល៥ខែ ក្នុងឆ្នាំ២០២១ ហើយការប្រើប្រាស់រថយន្ដថ្មី មានលក្ខណៈល្អប្រសើរច្រើន ដោយសារប្រទេសកម្ពុជា បានដំណើរការទាំងសេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ច មានការល្អប្រសើរនៅក្នុងឆ្នាំ២០២២។

ការប្រើប្រាស់រថយន្ដថ្មី មានការកើនឡើង គឺតាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដោយមានភាពលក្ខណៈត្រឹមត្រូវ និងប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋ នាពេលបច្ចុប្បន្នមានការងារ, មានចំណូល ហើយសេដ្ឋកិច្ចប្រទេសជាតិ មានភាពល្អប្រសើរ។

លោក សឿន ដារ៉ា បានលើកឡើងថា «នៅពេលដែលប្រជាជនមានចំណូលល្អ គឺវាបានជួយឲ្យគាត់ មានលទ្ធភាពប្រើប្រាស់រថយន្ដថ្មី ដោយជំនួសរថយន្ដជជុះ (រថយន្ដមួយទឹក)»។

លោកថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ទាក់ទងនឹងរថយន្ដ គឺមានភាពឈ្លៀតវៃ ព្រោះថានៅពេលដែលត្រូវការទិញរថយន្ដ គឺដើរមើលគ្រប់ក្រុមហ៊ុន ដែលលក់រថយន្ដថ្មី ដើម្បីធ្វើការប្រៀបធ្រៀប អំពីរថយន្ដរបស់ក្រុមហ៊ុននីមួយៗ និងតម្លៃជាដើម។

រថយន្ដជជុះ បើប្រៀបធៀបនឹងរថយន្ដថ្មី, រថយន្ដជជុះ គឺមិនមានការធានាគុណភាព ដូចរថយន្ដថ្មីឡើយ ព្រោះថា រថយន្ដជជុះ គឺសុទ្ធតែរថយន្ដនាំចូលពីក្រៅប្រទេស ហើយប្រភពរថយន្ដមកពីណា ក៏មិនដឹងច្បាស់លាស់ផងដែរ។ ដូច្នេះអតិថិជន មានភាពឈ្លៀតវៃ អាចដឹង និងយល់អំពីរថយន្ដ ដែលជម្រើសដ៏ល្អរបស់គាត់។

លោកថា តម្លៃរថយន្ដនាពេលបច្ចុប្បន្ន បើប្រៀបធៀបរថយន្ដថ្មី និងរថយន្ដជជុះ ឃើញថា រថយន្ដថ្មី និងរថយន្ដជជុះ មានតម្លៃប្រហាក់ប្រហែលគ្នា ដោយសារតែរាជរដ្ឋាភិបាល មានការជួយសម្រួលដល់ពន្ធនាំចូលរថយន្ដថ្មី ដូច្នេះធ្វើឲ្យប្រជាពលរដ្ឋ អាចមានលទ្ធភាពផ្លាស់ប្ដូរ ពីការប្រើរថយន្ដជជុះ និងប្រើរថយន្ដថ្មីវិញ។

បច្ចុប្បន្នសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា មានសមាជិករថយន្ដ ដែលទទួលបានសិទ្ធនាំចូលមកកម្ពុជា មានចំនួន២៦ ប៉ុន្ដែដោយឡែក ប្រេននាំចូលរថយន្ដជាលក្ខណៈគ្រួសារ មានប្រមាណជាង៥០ប្រេន រួមបញ្ជូលទាំងរថយន្ដកូរ៉េ និងចិន ជាដើម។

សម្រាប់ក្រុមហ៊ុនដំឡើងរថយន្តទាំង៧ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជារួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕