(ភ្នំពេញ)៖ អ្នកជំនួញនៅកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ ការទិញលក់សិទ្ធិអាជីវកម្មលក់បន្ត ឬ ហ្រ្វេនឆាយ (Franchise) ដែលជាម៉ាកអាជីវកម្មបង្កើតឡើងនៅក្នុងស្រុក បានរីកលូតលាស់គួរកត់សម្គាល់ ដោយសារម្ចាស់អាជីវកម្មភាពច្រើន បានរៀបចំឱ្យមានស្តង់ដារ អាជីវកម្ម ខណៈដែលហ្វេ្រនឆាយក្នុងស្រុក មានតម្លៃសមរម្យជាងបរទេស និងត្រូវជាមួយនឹងការធ្វើអាជីវកម្ម សម្រាប់បរិបទក្នុងស្រុក។

ឧកញ៉ា ហ៊ួត ជា ស្ថាបនិកក្រុមហ៊ុន ហ៊ួត ជាគ្រុប បានថ្លែងថា ការទិញសិទ្ធិអាជីវកម្មលក់បន្ត ដែលគេហៅថា Franchise កំពុងតែពេញនិយម នៅលើសកលលោក និងជាជម្រើសល្អមួយសម្រាប់អ្នកមានបំណងចង់បើអាជីវកម្មថ្មីៗ ដែលមិនសូវមានគំនិតក្នុងការចាប់អាជីវកម្ម និងរៀបចំអាជីវកម្មឱ្យមានស្តង់ដារ។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ការបើកអាជីវកម្មនៅកម្ពុជា ដែលទិញហ្វេ្រនឆាយពីបរទេសមានប្រមាណ៧០% និងហ្រ្វេនឆាយក្នុងស្រុក ដែលបង្កើតដោយម្ចាស់អាជីវកម្មកម្ពុជាមានប្រមាណ៣០% បើប្រៀបធៀបកាលពី៣ឆ្នាំមុន មានតែប្រមាណ៥%ប៉ុណ្ណោះ ពោលគឺក្នុងមួយឆ្នាំកើនប្រមាណ១០% ដែលជាសញ្ញាណដ៏ល្អមួយ បង្ហាញពីភាពល្អប្រសើរនៃគំរូអាជីវកម្ម ដែលបង្កើតឡើងដោយកូនខ្មែរ។ នាពេលខាងមុខ ហ្វ្រេនឆាយក្នុងស្រុកនឹងកាន់តែរឹងមាំ ដោយសារតែបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មភាគច្រើន បានរៀបចំ និងដើរទៅរកស្តង់ដារ នៃការធ្វើអាជីវកម្មមួយឱ្យត្រូវជាមួយស្តង់ដារពិភពលោក។

ឧកញ៉ា ហ៊ួត ជា ថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាជំនួបម្ចាស់អាជីវកម្ម និងហ្រ្វេនឆាយ២០២២ ដែលវេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចែករំលែកចំណេះដឹងអាជីវកម្ម ពីអ្នកជំនួញល្បីៗ។ ហើយវេទិកានេះ ក៏រៀបឡើង
ដើម្បីដាស់អារម្មណ៍ម្ចាស់អាជីវកម្ម ដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ឱ្យក្រោកឈរឡើងវិញ ក្នុងចាប់ផ្តើមរៀបចំដំណើរការ អាជីវកម្មរបស់ខ្លួន និងជំនួបរវាងអ្នកចង់ចាប់ផ្តើមអាជីវកម្ម និងម្ចាស់ហ្រេ្វនឆាយល្បីៗ ដោយមានការចូលរួមពីបណ្តារោងចក្រ និងអ្នកផ្គត់ផ្គង់ប្រមាណជាង៦០ក្រុមហ៊ុន និងអ្នកចូលរួមជាង១ពាន់នាក់។

លោកបន្តថា សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម ប៉ុន្តែមិនមានគំនិតក្នុងការធ្វើអាជីវកម្ម គួរតែទិញហ្វ្រេនឆាយ ដែលអត្រាទទួលបានភាពជោគជ័យ ក្នុងការធ្វើអាជីវកម្មច្រើនជាងជាងការ ចាប់ផ្ដើមអាជីវកម្មថ្មីស្រឡាងមួយ ដោយខ្លួនឯងដែរ ព្រោះការចាប់ផ្តើមអាជីវកម្មដោយទិញហ្រ្វេនឆាយ មានស្តង់ដារនៃការធ្វើការ ការគ្រប់គ្រងបុគ្គលិក មានឡូហ្គោច្បាស់លាស់ និងមានគុណតម្លៃនៃក្រុមហ៊ុនផលិតផល ក៏ដូចជាគុណតម្លៃនៃអាជីវកម្ម។

លោបន្ថែមថា «អាស្រ័យទៅលើម្ចាស់អាជីវកម្ម ថាតើគាត់ចេះរៀបចំស្តង់ដាររបស់គាត់អត់? ប្រសិនបើគាត់មិនសូវយល់ មិនសូវស្គាល់អ្នកផ្គត់ផ្គង់ មិនសូវចេះរៀបទីផ្សារអីខ្ញុំគិតថា៩០% គួរតែទិញហ្វ្រេនឆាយ ។ ព្រោះការទិញហ្វ្រេនឆាយគ្រាន់បំពេញ នូវចំណុចមួយចំនួន ប្រសិនបើ យើងសិក្សាអត់ជាប់ ក៏គេមិនឱ្យបើកដែរ។ ដូចករណីហ្វ្រេនឆាយខ្ញុំ ពីលេខរៀងទី១ ដល់១៣៧ចំណុច គឺយើងបានធ្វើវាជាង១០ឆ្នាំមកហើយ។ ទាល់តែជោគជ័យបានយើងយកវាមកលក់ជាហ្វ្រេនឆាយ។ យើងឃើញថា ហ្វ្រេនឆាយរបស់កម្ពុជាយើងកំពុងតែរីក ដោយសារយើងធ្វើត្រូវ»

លោកបានឱ្យដឹងបន្តថា បច្ចុប្បន្នហ្វ្រេនឆាយរបស់ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា បានចែកចាយប្រមាណ៩៩ហើយ។ នៅឆ្នាំក្រោយនេះ លោកក៏នឹងនាំយកហ្វ្រេនឆាយ នេះទៅចែកចាយនៅ ឡាវ និង ភូមាផងដែរ៕