(ភ្នំពេញ)៖ ការបោះផ្សាយមូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ១.២ទ្រីលានរៀល ឬប្រមាណ៣០០លានដុល្លារអាមេរិក ដាក់លក់ជាផ្លូវការលើទីផ្សារមូលបត្រកម្ពុជា មិនទាន់អាចធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះបាននៅឡើយទេ ដោយសារមានការងារមួយចំនួនដែលត្រូវដោះស្រាយឱ្យរួចរាល់សិន មុននឹងបោះលក់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ មិថុនានេះថា ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច បាននិងកំពុងខិតខំធ្វើកិច្ចការងារនេះ ដើម្បីឱ្យ ការបោះផ្សាយមូលបត្ររដ្ឋ ទៅតាមអ្វីដែលបានកំណត់ ប៉ុន្តែអាចយឺតជាងកា រគ្រោងទុកបន្តិច ដោយរដ្ឋនឹងត្រូវការពេលបន្ថែមទៀត ដើម្បីដោះស្រាយការងារបច្ចេកទេសមួយចំនួនដែលនៅសេសសល់ឱ្យបានរួចរាល់ មុនពេលបោះផ្សាយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងកំពុងបន្តមើលក្នុងកម្រិតបច្ចេកទេស ដើម្បីសម្អាតការងារបច្ចេកទេសខ្លះ ជាទៅទូយើងប្តេជ្ញាចិត្តនឹងធ្វើ ប៉ុន្តែយើងរៀបចំបច្ចេកឱ្យស្រួលបួលសិន»។

សូមជម្រាបថា រដ្ឋបានសម្រេចបោះលក់មូលបត្រជាលើកដំបូងនៅឆ្នាំ២០២២នេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

លើសនេះ ការបោះផ្សាយមូលបត្របំណុលនេះ ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ស្របពេលដែលទីផ្សារនេះបានដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ។ មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃមួយលានរៀល ដោយការគិតការប្រាក់នឹងធ្វើឡើងរៀងរាល់៦ខែម្តង៕