(ភ្នំពេញ)៖ កម្ពុជាទើបតែបានសម្ពោធម៉ាកអង្ករសមូហភាព ថ្មីៗចំនួន២ប្រភេទទៀត ក្នុងនោះ រួមមានទាំង ម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវសែនក្រអូប ក្នុងគោលបំណងសំខាន់ជំរុញការនាំចេញ និង បង្កើនតម្លៃកាន់តែល្អប្រសើរ សម្រាប់ទីផ្សារអង្ករកម្ពុជា។

លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ការចុះបញ្ជីម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវសែនក្រអូប ត្រូវបានចាត់ទុកថា ជាបច្ច័យល្អសម្រាប់ការជំរុញបន្ថែមទៀត ទៅក្នុងទីផ្សារចិន។
លោកបញ្ជាក់ថា អ្វីដែលជាគោលដៅធំ គឺយើងចង់ជំរុញទីផ្សារអង្ករសែនក្រអូបនេះ កាន់តែច្រើនទៅកាន់ប្រទេសចិន ពីព្រោះ សែនក្រអូបគឺជាប្រភេទពូជមួយដែលងាយ សម្រាប់ការចំអិននៅតាមភោជនីយដ្ឋាន ជាពិសេស ចម្អិនជាបាយឆា គឺបានល្អជាងគេ ដូច្នេះ ចង់ជំរុញការលក់ឲ្យបានកាន់តែច្រើន នៅប្រទេសចិន តាមរយៈការបង្កើតម៉ាកថ្មីនេះ ងាយផ្សព្វផ្សាយ។

ជារួមលោកបញ្ជាក់ថា ការរៀបចំម៉ាកនេះ គឺជាបច្ច័យមួយល្អ សម្រាប់ការជំរុញបន្ថែមទៀត នៅក្នុងទីផ្សារប្រទេសចិន។ លោកបន្ថែមទៀតថា បន្ទាប់ពីបានចុះបញ្ជីរួចហើយ សហព័ន្ធស្រូវអង្ករកម្ពុជាបាននិងកំពុងរៀបចំឯកសារ ជម្រាបជូនទៅខាងដៃគូខាងភាគីចិន ដើម្បីរិះរកវិធីសាស្ត្របន្ថែមទៀត។

បើតាមលោក លន់ យ៉េង សហព័ន្ធស្រូវអង្ករបានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ កម្ពុអាចនឹងនាំចេញអង្ករសរុប បានចន្លោះពី ៧០ ទៅ៧៥ម៉ឺនតោន ខណៈដែលចិននឹងក្តោបក្តាប់ទីផ្សារប្រមាណ ៥០ភាគរយ ដែលនៅតែនាំមុខគេ សម្រាប់ទីផ្សារនាំចេញអង្កររបស់កម្ពុជា។ លោកបញ្ជាក់បន្ថែមទៀតថា ដោយសារតែតម្រូវការខ្ពស់លើប្រភេទអង្ករសែនក្រអូប ជាមួយនឹងការបង្កើតម៉ាកថ្មី នៃពូជសែនក្រអូបនេះ កូតានៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន កាន់តែមានកំណើនល្អប្រសើរ។

«ក្នុងសប្តាហ៍នេះ ឬ សប្តាហ៍ក្រោយ យើងនឹងបញ្ជូនឯកសារពាក់ព័ន្ធទៅភាគីចិន... ប្រសិនបើយើងមានរបស់ល្អ គុណភាពល្អ ហើយការប្រើប្រាស់មានការចាប់អារម្មណ៍ច្រើនពីប្រជាជនចិន ដូច្នេះ បរិមាណនៃចំនួនកូតានាំចេញ កាន់តែច្រើនតាមហ្នឹងដែរ... អ្វីដែលសំខាន់ យើងមើលល្បឿននៃការទិញ មានការចាប់អារម្មណ៍កាន់តែច្រើន លើង្ករកម្ពុជា ពីសំណាក់អ្នកប្រើប្រាស់ គឺប្រជាជនចិនទទួលអង្ករកម្ពុជាបានកាន់តែច្រើនឡើង ជាងមុន... តាមរយៈនេះ ប្រសិនបើចុងឆ្នាំនេះ MOU សម្រេច ៧០ ឬ ៨០ភាគរយ គឺមានន័យថា ដំណើរការសម្រាប់ការទិញលក់អង្ករកម្ពុជាជាមួយភាគីចិនសម្រេចបាន អាចនឹងមានកំណើនលើសបរិមាណ ដែលមានកន្លងមក»

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា និងនេសាទបានមានប្រសាសន៍ថា ពូជស្រូវសែនក្រអូបនេះគឺជាពូជស្រូវល្អ មិនប្រកាន់រដូវដែលប្រជាកសិករ បានធ្វើការដាំដុះយ៉ាងទូលំទូលាយ ក្នុងប្រទេសកម្ពុជា។ តាមការវាយតម្លៃរយៈពេល២ឆ្នាំមកនេះ ឃើញថា បរិមាណទិន្នផលមធ្យម អាចទទួលបាន ៥ ទៅ៦តោន ក្នុង១ហិកតា ហើយអង្ករពូជស្រូវសែនក្រអូបនេះ មានក្លិនក្រអូប គុណភាពអង្ករក៏ល្អ មានភាពថ្លា វែងរលូន បាយឆ្ងាញ់ពិសារទៀតផង និងជាប្រភេទអង្ករមានតម្លៃសមរម្យ នៅលើទីផ្សារក្នុងស្រុក ក៏ដូចជា ទីផ្សារអន្តរជាតិ និងមានតម្រូវការខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិផងដែរ ជាពិសេស គឺទីផ្សារចិន។

ឯកឧត្តម ងិន ឆាយ មានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីសម្ពោធម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវសែនក្រអូប ០១ នេះ កាលពីថ្ងៃទី២៣ មិថុនា ២០២២ ជាមួយនឹងការសម្ពោធម៉ាកអង្ករសមូហភាព «DSMK» នៃពូជស្រូវដំណើបស្បៃមង្គល។ នៅពេលនោះ ក៏មានវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សមាជិក សមាជិកា សហគមន៍កសិករ និងផ្នែកពាក់ព័ន្ធជាច្រើនរយនាក់ ដោយកម្មវិធីនេះ រៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានមានប្រសាសន៍ នាពេលនោះដែរថា ពូជស្រូវសែនក្រអូបបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់ ០៣ដង ក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មី សម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀត នៅក្នុងទីផ្សារអន្តរជាតិ។

ផ្អែកតាមទិន្នន័យដែលទទួលបានសម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣,៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះ អង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣, ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។ ចិនគឺជាទីផ្សារទិញអង្ករកម្ពុជាច្រើនជាងគេដដែល ពោលគឺបន្តមានកំណើនខ្លាំងជាងគេ តាំងពីឆ្នាំ២០១៩ រហូតមក៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន