(តូក្យូ)៖ ធនាគារកណ្តាលជប៉ុននឹងរក្សាគោលនយោបាយរូបិយវត្ថុងាយស្រួលរបស់ខ្លួនដដែល ខណៈដែលសេដ្ឋកិច្ចមិនត្រូវបានរងផលប៉ះពាល់ច្រើនពីនិន្នាការអតិផរណាពិភពលោក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ដោយដកស្រង់សំដីរបស់លោក Haruhiko Kuroda ទេសាភិបាល ធនាគារកណ្តាលជប៉ុនដែលបានថ្លែងក្នុងសិក្ខាសាលាមួយថា អតិផរណានៅប្រទេសជប៉ុនបានឡើងដល់ ២,១ភាគរយសម្រាប់រយៈពេលពីរខែជាប់គ្នាគិតត្រឹមខែឧសភា ប៉ុន្តែការកើនឡើងនេះត្រូវបានជំរុញស្ទើរតែទាំងស្រុងដោយសារការកើនឡើងតម្លៃថាមពល។

លោក Kuroda បាននិយាយថា ខណៈពេលដែលអតិផរណាអាចស្ថិតនៅក្នុងរង្វង់ ២ភាគរយក្នុងរយៈពេលប្រហែលមួយឆ្នាំ អត្រានេះទំនងជានឹងថយចុះមកនៅត្រឹមប្រហែល ១ ភាគរយក្នុងឆ្នាំសារពើពន្ធបន្ទាប់ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣។

លោកថ្លែងថា៖ «មិនដូចសេដ្ឋកិច្ចផ្សេងទៀតទេ សេដ្ឋកិច្ចជប៉ុនមិនរងផលប៉ះពាល់ច្រើនពីនិន្នាការអតិផរណាពិភពលោកទេ ដូច្នេះគោលនយោបាយរូបិយវត្ថុនឹងបន្តមានលក្ខណៈជំរុញសេដ្ឋកិច្ចដដែល»

លោក Kuroda បាននិយាយនៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅទីក្រុង Basel កាលពីថ្ងៃអាទិត្យថា ជាលទ្ធផលនៃវិបត្តិបរិត្តផរណារយៈពេល ១៥ឆ្នាំ ដែលកើតមានរហូតដល់ឆ្នាំ២០១៣ ក្រុមហ៊ុននានាក្នុងប្រទេសជប៉ុនមានការប្រុងប្រយ័ត្នខ្លាំងក្នុងការដំឡើងថ្លៃទំនិញ និងប្រាក់ឈ្នួល។

លោកបានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចបានងើបឡើងវិញ ហើយក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណេញខ្ពស់។ ទីផ្សារការងារមានភាពចង្អៀតគួរសម។ ប៉ុន្តែប្រាក់ឈ្នួលមិនកើនឡើងច្រើនទេ ហើយតម្លៃទំនិញក៏មិនកើនឡើងច្រើនដែរ»

ការកើនឡើងតម្លៃទំនិញសកល និងប្រាក់យ៉េនចុះថ្លៃ ដែលធ្វើឱ្យថ្លៃដើមនាំចូលវត្ថុធាតុដើមកើនឡើង បានជំរុញឱ្យអតិផរណាស្នូលរបស់ប្រទេសជប៉ុនឱ្យកើនលើសពីគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលល។

ប៉ុន្តែលោក Kuroda បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីភាពចាំបាច់ក្នុងការរក្សាអត្រាការប្រាក់ទាបបំផុតរហូតដល់អតិផរណាត្រូវបានជំរុញបន្ថែមទៀតដោយតម្រូវការខ្លាំងដែលធ្វើឱ្យធនាគារកណ្តាលជប៉ុន មានភាពលេចធ្លោក្នុងចំណោមធនាគារកណ្តាលនៅលើពិភពលោក ដែលបាននាំគ្នាដំឡើង អត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕