(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា វៀតណាមគ្រោងនឹងកាត់បន្ថយពន្ធប្រទេសអនុគ្រោះបំផុត (MFN) របស់ខ្លួនដែលអនុវត្តក្នុងក្របខ័ណ្ឌអង្គការពិភពលោក (WTO) ចំពោះប្រេងសាំងពីអត្រា ២០% មកនៅត្រឹម ១២% ដើម្បីជួយបន្ធូរបន្ថយសម្ពាធអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយរដ្ឋាភិបាលវៀតណាមថា វិធានការនេះក៏នឹងជួយវៀតណាមក្នុងការធ្វើពិពិធកម្មប្រភពនាំចូលប្រេងសាំងរបស់ប្រទេសនេះ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ៗរបស់ខ្លួន រួមទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ផងដែរ។

ពន្ធប្រទេសអនុគ្រោះបំផុត MFN គឺជាអត្រាពន្ធស្តង់ដារដែលត្រូវបានអនុវត្តនៅក្នុងការជួញដូររវាងប្រទេសសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក លុះត្រាតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកមួយផ្សេងទៀត។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងកូរ៉េខាងត្បូង និងក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ប្រទេស ពន្ធនាំចូលប្រេងសាំងមានប្រហែល ៨%។

ប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់បានរាយការណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧,៧២% នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ប៉ុន្តែដូចទៅប្រទេសជិតខាងរបស់ខ្លួនជាច្រើនទៀតផងដែរ ប្រទេសនេះកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងទៅលើអតិផរណាដែលដោយសារតម្លៃថាមពលនិងអាហារកាន់តែខ្ពស់ឡើង។

រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួនក៏មានផែនការកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស ពន្ធលើតម្លៃបន្ថែម និងពន្ធបរិស្ថានលើឥន្ធនៈផងដែរ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕