(កូឡុំបូ)៖ តម្លៃទំនិញប្រើប្រាស់នៅប្រទេសស្រីលង្កាបានកើនឡើងដល់អត្រាខ្ពស់ថ្មីមួយទៀតនៅក្នុងខែមិថុនាដល់ ៥៤,៦ភាគរយ ដែលទិន្នន័យនេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យប្រទេសដែលក្ស័យធនមួយនេះគ្រប់គ្រងតម្លៃទំនិញដែលកំពុងកើនឡើង និងអំពើពុករលួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

បើយោងតាមនាយកដ្ឋានជំរឿននិងស្ថិតិរបស់ស្រីលង្កា នេះជាលើកទីមួយហើយដែលការកើនឡើងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កូឡុំបូ (CCPI) របស់ប្រទេសនេះកើនឡើងលើសពី ៥០ភាគរយ។

តួលេខនេះត្រូវបានចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិបានជំរុញឱ្យប្រទេសស្រីលង្ការក្សាអតិផរណា (តម្លៃទំនិញប្រើប្រាស់) ដែលកំពុងកើនឡើង និងដោះស្រាយអំពើពុករលួយដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលមានបញ្ហាដោយសារវិបត្តិប្រាក់បម្រុងរូបិយប័ណ្ណបរទេស។

មូលនិធិ IMF បានបញ្ចប់កិច្ចពិភាក្សាដោយផ្ទាល់រយៈពេល ១០ថ្ងៃរបស់ខ្លួនជាមួយអាជ្ញាធរស្រីលង្កាក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះស្នើសុំថវិកាសង្គ្រោះ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ CCPI បានបន្តកើនឡើងដល់កម្រិតខ្ពស់ប្រចាំខែថ្មីៗចាប់តាំងពីខែតុលា ឆ្នាំមុនមក នៅពេលដែលអតិផរណាកើនឡើងត្រឹមតែ ៧,៦ ភាគរយ ធៀបនឹខែតុលា ឆ្នាំ២០២០។ នៅក្នុងខែឧសភា អត្រាអតិផរណាបានឈានដល់ ៣៩,១ភាគរយ។

ប្រាក់រូពីបានបាត់បង់តម្លៃជាងពាក់កណ្តាលធៀបនឹងដុល្លារអាមេរិកនៅឆ្នាំនេះ។

សេដ្ឋវិទូឯកជននានាបាននិយាយថា តម្លៃទំនិញប្រើប្រាស់ក្នុងទីផ្សារកើនឡើងលឿនជាងទិន្នន័យដែលចេញផ្សាយផ្លូវការនេះ។

យោងតាមសេដ្ឋវិទូនៅសកលវិទ្យាល័យ Johns Hopkins លោក Steve Hanke ដែលតាមដានការកើនឡើងតម្លៃទំនិញនៅក្នុងបញ្ហារបស់ពិភពលោក អតិផរណាបច្ចុប្បន្នរបស់ប្រទេសស្រីលង្កាមានអត្រា ១២៨ភាគរយ ដែលមានកម្រិតទីពីរបន្ទាប់ពីប្រទេសហ្ស៊ីមបាវ៉េដែលមាន ៣៦៥ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕