(ភ្នំពេញ)៖ បណ្ឌិត គង់ ម៉ារី អនុ-រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដា្ឋន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការ នូវកម្មវិធី CamDigiKey ជំនាន់ ២.០ និង ពិធីចុះអនុស្សរណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌប្រព័ន្ធ សម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)» រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា តំណាងដោយលោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេស នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយរបស់ថ្នាលសម្គាល់ អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថា ថ្នាល Cambodia Digital Key ឬ ហៅកាត់ថា CamDigiKey។
ជាមួយគណនី CamDigiKey តែមួយ, អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថល បានយ៉ាងងាយស្រួល តាមរយៈការស្កែន QR Code នៅលើកម្មវិធីទូរស័ព្ទដៃ គណនី CamDigiKey នីមួយៗ មានការផ្ទៀងផ្ទាត់ ជាមួយទិន្នន័យអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ដែលក្នុងន័យនេះ គណនី CamDigiKey មានទិន្នន័យអត្តសញ្ញាណបុគ្គលដែលអាចជឿទុកចិត្តបាន ហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាល។
បណ្ឌិត គង់ ម៉ារី បានគូសរំលេចលក្ខណៈពិសេស ៤ថ្មី របស់កម្មវិធី CamDigiKey ជំនាន់ ២.០ ដែលមានដូចជា៖
១៖ Liveness Detection បច្ចេកវិទ្យាផ្ទៀងផ្ទាត់ និង វិភាគមុខមនុស្ស ដោយផ្អែកលើការថត យកការធ្វើចលនាមុខរបស់អ្នកប្រើប្រាស់
២៖ Machine Readable Zone ប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់ធ្វើការបម្លែងព័ត៌មាន ដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone
៣៖ Deep Link ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ក្នុងកម្មវិធីទូរស័ព្ទផ្សេង ដោយមិនតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះឡើងវិញ ក្នុងករណីកម្មវិធីទូរស័ព្ទនោះ ត្រូវបានធ្វើសមាហរណកម្ម ជាមួយកម្មវិធី CamDigiKey,
និង៤៖ OAuth 2.0 អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណតែម្តងគត់ នឹងអាចចូលទៅប្រើប្រាស់គេហទំព័រដទៃទៀតបាន ដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណឡើងវិញ ឬសែនកូដ QR ម្ដងទៀតឡើយ។
សព្វថ្ងៃ កម្មវិធីទូរស័ព្ទដៃ CamDigiKey បាននិងកំពុងប្រើប្រាស់សម្រាប់ការចូល ទៅកាន់សេវាសាធារណៈមួយចំនួនរួចទៅហើយ រួមទាំងផតថលទាំង៥នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ។
ស្របពេលនៃការដាក់ដំណើរការនូវកម្មវិធីជំនាន់ថ្មីនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី «កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌប្រព័ន្ធ សម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)» ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេក-វិទ្យា និង នវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និង ធនាគារ។
គួរបញ្ជាក់ផងដែរថា ថ្នាល CamDigiKey ក៏មាន Open APIs ចំនួន ១០ ដូចជា មុខ, ឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំកំណើត -ល- សម្រាប់អនុញ្ញាតឲ្យវិស័យសាធារណៈ និង វិស័យឯកជន អាចតភ្ជាប់មកកាន់ផងដែរ។ ការបើកទូលាយឲ្យមានការតភ្ជាប់ក្នុងទម្រង់នេះ នឹងបើកទំព័រថ្មីសម្រាប់ការបោះជំហានរបស់កម្ពុជា ក្នុងក្របខណ្ឌ e-KYC តាមរយៈការជួយសម្រួល ដល់ការកាត់បន្ថយពេលវេលាត្រួតពិនិត្យ អត្តសញ្ញាណអតិថិជន និង វត្តមានយន្តការផ្ទៀងផ្ទាត់ជាមួយទិន្នន័យរាជរដ្ឋាភិបាល។
តាមរយៈការចុះអនុស្សរណៈខាងលើ បណ្ឌិត គង់ ម៉ារី និងលោកស្រីបណ្ឌិតជា សិរី បានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមប្រើប្រាស់ថ្នាល CamDigiKey និងផ្តល់មតិត្រលប់ ក្នុងន័យកែលម្អថ្នាលនេះ ឲ្យកាន់តែប្រសើរ។
ថ្នាល CamDigiKey ជាឧបករណ៍គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងជាផ្លែផ្កាដែលកើតចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីជាគន្លឹះជំរុញការអនុវត្តឌីជីថល តាមរយៈការផ្តល់ភាពងាយស្រួល និងការបង្កើនទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល។
ថ្នាលនេះ មិនត្រឹមតែអាចកំណត់អត្តសញ្ញាណអតិថិជន តាមរយៈអនឡាញ (e-Verification) បានយ៉ាងងាយស្រួល ចំពោះអ្នកផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួល និង សុវត្ថិភាពសម្រាប់អ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការអនឡាញ។
សូមដំឡើងកម្មវិធី CamDigiKey សម្រាប់អ្នកប្រើប្រាស់ថ្មី ឬធ្វើបច្ចុប្បន្នភាពកម្មវិធី សម្រាប់អ្នកដែលមានកម្មវិធីនេះហើយ នៅក្នុងទូរស័ព្ទ ដើម្បីទទួលបានបទពិសោធថ្មី និងកាន់តែប្រសើរជាងមុន៕