(ហាណូយ)៖ ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសវៀតណាមជាមួយប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ ដោយសារប្រទេសចិនបានរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងការកកស្ទះនៅតាមព្រំដែន។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។

កាសែត VN Express International បានរាយការណ៍ដោយដកស្រង់ទិន្នន័យគយវៀតណាមថា ក្រុមហ៊ុនវៀតណាមបានដឹកជញ្ជូនទំនិញតម្លៃត្រឹមតែ ៥០៩លានដុល្លារប៉ុណ្ណោះទៅកាន់ប្រទេសចិនតាមច្រកព្រំដែនគោក ពោលគឺធ្លាក់ចុះ ៨៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលពីប្រទេសចិនបានធ្លាក់ចុះ ៥២,៥ភាគរយមកនៅត្រឹម ៣,៦៤ប៊ីលានដុល្លារ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា យុទ្ធសាស្ត្រសូន្យកូវីដរបស់ចិន និងការរឹតបន្តឹងការត្រួតពិនិត្យលំហូរទំនិញនោតាមព្រំដែនបានជះឥទ្ធិពលខ្លាំងបំផុតលើពាណិជ្ជកម្ម។

ក្រសួងបានបន្ថែមថា កង្វះការដឹកជញ្ជូន ឡូជីស្ទិក និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឆ្លងដែនបានធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់ទៅៗ។

ទោះបីជាការជួញដូរតាមច្រកទ្វារព្រំដែនសំខាន់ៗក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម ពោលគឺខេត្ត Lao Cai និង Lang Son បានដំណើរការឡើងវិញក៏ដោយ ក៏ការបំពេញបែបបទបញ្ចេញទំនិញពីគយគយមិនទាន់ត្រលប់ទៅកម្រិតមុនការរាតត្បាតជំងឺកូវីដនៅឡើយទេ។

នៅច្រកព្រំដែន Tan Thanh ក្នុងខេត្ត Lang Son ដែលជាច្រកសំខាន់របស់ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិនមានតែរថយន្តចំនួន ១០០ ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលទទួលបានការបំពេញបែបបទបញ្ចេញទំនិញពីគយ ពោលគឺស្មើនឹងមួយភាគបីនៃកម្រិតមុនពេលមានការរាតត្បាតជំងឺ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានព្រមានថា ការកកស្ទះនៅតាមព្រំដែនអាចនឹងកើនឡើងប្រសិនបើមិនមានវិធានការទប់ស្កាត់ទេនោះ។

ប្រទេសចិនគឺជាដៃគូធំបំផុតរបស់វៀតណាមកាលពីឆ្នាំមុន ដោយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៦៦ប៊ីលានដុល្លារ។ វៀតណាមបាននាំចេញទំនិញតម្លៃ ៥៦ប៊ីលានដុល្លារទៅកាន់ប្រទេសចិន ដែលជាទីផ្សារនាំចូលធំទីពីររបស់ខ្លួនកាលពីឆ្នាំមុន។

ការជួញដូរតាមព្រំដែនមានទំហំទឹកប្រាក់ ៤២ប៊ីលានដុល្លារ ដែលស្មើនឹង ៣៧ភាគរយនៃការនាំចេញសរុបរបស់វៀតណាម។ ផលិតផលកសិកម្ម និងគ្រឿងអេឡិចត្រូនិកជាទំនិញនាំចេញកំពូលរបស់វៀតណាមទៅកាន់ប្រទេសចិន។ នេះបើយោងតាមកាសែត VN Express International៕