(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការជាមួយធនាគារកណ្តាលឡាវ និងវៀតណាម ក្នុងការតភ្ជាប់ការទូទាត់ KHQR ឆ្លងដែន ជាមួយឡាវ និងវៀតណាម ដើម្បីពង្រីក និងសម្រួលដល់ការទូទាត់ឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ បន្ទាប់ពីកិច្ចសហការរវាងកម្ពុជា-ថៃ និងកម្ពុជា-ម៉ាឡេស៊ី ទទួលបានជោគជ័យ។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ស្របតាមកំណើនតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក ត្រូវបានបន្តអភិវឌ្ឍ និងធ្វើទំនើបកម្ម ដែលបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ទន្ទឹមគ្នានេះ ប្រព័ន្ធផាត់ទាត់ជាតិ ប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្វីច កំពុងត្រូវបានធ្វើបច្ចុប្បន្នកម្ម ដោយបន្ថែមមុខងារចាំបាច់មួយចំនួន ហើយប្រព័ន្ធបាគង ក៏កំពុងត្រូវបានអភិវឌ្ឍ សម្រាប់សម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់តម្លៃធំអន្តរធនាគារ ជាពិសេសប្រតិបត្តិការទូទាត់ ក្នុងទីផ្សារហិរញ្ញវត្ថុ។

ធនាគារជាតិបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់អេឡិចត្រូនិក បន្តកើនឡើងជាលំដាប់ ដូចជា ការផ្ទេរមូលនិធិជាប្រាក់រៀល តាមប្រព័ន្ធរីថែលផេ បានកើនឡើងជិត២ដង ហើយការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងដល់១៨.៥ ទ្រីលានរៀល ឬប្រមាណ៤.៥ ប៊ីលានដុល្លារអាមេរិក ដែលមានប្រតិបត្តិការសរុបចំនួន ៨.១ លានប្រតិបត្តិការ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែសីហានេះថា តាមរយៈបទពិសោធជោគជ័យ ដែលធនាគារជាតិនៃកម្ពុជា បានធ្វើការជាមួយថៃ នឹងជួយជំរុញដល់តភ្ជាប់ការទូទាត់ ឆ្លងដែនជាមួយឡាវ និង វៀតណាម ក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីជំរុញការទូទាត់បានរហ័ស ជាពិសេសផ្តល់ភាពងាយស្រួលភ្ញៀវទេសចរនៅក្នុងតំបន់ ក្នុងពេលដែលមានបើកឱ្យធ្វើដំណើរទូលំទូលាយឡើងវិញ ដើម្បីជួយសម្រួលដល់ការទូទាត់បានភ្លាមៗក្នុងការទិញទំនិញ តាមរយៈការស្កែន QR Code ដោយមិនចាំបាច់ប្តូររូបិយវត្ថុរបស់កម្ពុជាជាមួយនឹងរូបិយបណ្ណប្រទេសដទៃ។

លោកបានឱ្យដឹងផងដែរថា ធនាគារអេស៊ីលី អាចនឹងត្រូវបានធនាគារជាតិនៃកម្ពុជា ជ្រើសរើសជាភ្នាក់ងារទូទាត់ ជាមួយប្រទេសទាំងពីរនេះផងដែរ ដោយសារតែធនាគារនេះ ធ្វើការងារទូទាត់បានដោយជោគជ័យជាមួយថៃ។

លោកបានបញ្ជាក់បន្ថែមថា «យើងមានប្រព័ន្ធហើយស្រេច យើងមានបទពិសោធន៍ធ្វើស្រេចហើយ រង់ចាំតែធនាគារជាតិយើង និងធនាគារកណ្តាលនៃប្រទេសដទៃ ក្នុងអាស៊ានធ្វើការជាមួយគ្នា ហើយជ្រើសរើសធនាគារមួយណា គឺយើងនឹងធ្វើទៅតាម ប៉ុន្តែការទូទាត់ឱ្យទូលំទូលាយមែនទែនមិនមែន ធ្វើតែធនាគារមួយទេ ព្រោះធនាគារជាតិនៃកម្ពុជា លោកមានប្រព័ន្ធបាគង ដែលអាចឱ្យមានការទូទាត់បានទូលំទូលាយ គ្រប់ធនាគារទាំងអស់»

ចំណែកទូទាត់ពីកម្ពុជាទៅថៃ លោក អ៊ិន ចាន់នី បានបញ្ជាក់ថា កំពុងដំណើរការល្អ ដោយឡែកការទូទាត់ពីថៃមកកម្ពុជាវិញ ធនាគារកណ្តាល នៃប្រទេសទាំងពីរ កំពុងធ្វើការជាមួយគ្នា ដើម្បីឱ្យការទូទាត់ពីថៃមកកម្ពុជា សម្រេចបាននៅដំណាច់ឆ្នាំ២០២២នេះ ដែលនឹងធ្វើឱ្យការទូទាត់ រវាងប្រទេសទាំងពីរឱ្យបានទូលំទូលាយ។

សូមជម្រាបថា បច្ចុប្បន្នមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ ជាសមាជិកបាគង បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន២៩ បានបំពេញមុខងារ ដោយជោគជ័យជាមួយ KHOR និងបានដាក់ឱ្យប្រើប្រាស់ និងទូទាត់ទំនិញជាមួយនឹងដៃគូពាណិជ្ជករនៅទូទាំងប្រទេស។

តាមរបាយការធនាគារជាតិនៃកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២នេះ វិស័យធនាគារបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានកំណើន ១៧.២% ឥណទានទៅកាន់វិស័យចម្បងៗបានកើនឡើង ២៣.៤% និងប្រាក់បញ្ញើអតិថិជនមានកំណើន១៦% ដែលបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារ។ បច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើអតិថិជន បានកើនឡើងដល់ ១៣.២ លានគណនី និងគណនីឥណទាន កើនដល់ ៣.៥ លានគណនី ៕