(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេសវៀតណាម បានកាត់បន្ថយការខាតបង់របស់ខ្លួនចំនួន ៤៤ភាគរយនៅត្រីមាសទី២ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ២,៤៨ទ្រីលានដុង (ប្រហែល ១០៦,២៥លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ការថយចុះការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនេះកើតមានឡើងដោយសារតម្រូវការធ្វើដំណើរនៅរដូវក្តៅកើនឡើង ហើយប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុនកើនឡើងជិតបីដងដល់ ១៨,៤៣ទ្រីលានដុង (ប្រហែល ៧៨៩លានដុល្លារ) ដែលលើសពីគោលដៅរបស់ខ្លួន ៣៥ ភាគរយ។

នេះគឺជាប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០មក នៅពេលដែលការធ្វើដំណើរមិនទាន់បានរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ប៉ុន្តែតម្លៃប្រេងឥន្ធនៈខ្ពស់នៅតែជាបញ្ហាសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន។

នៅចុងខែមិថុនា ឥន្ធនៈប្រភេទ JetA1 សម្រាប់យន្តហោះមានតម្លៃលើសពី ១៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃទ្វេដងធៀបនឹងតម្លៃមធ្យមកាលពីឆ្នាំមុន។

តម្រូវការធ្វើដំណើរអន្តរជាតិមិនទាន់កើនឡើងពេញលេញនៅឡើយទេ ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ីភាគឦសាន ដែលជាប្រភពទេសចរដ៏សំខាន់សម្រាប់វៀតណាមមុនការរាតត្បាតជំងឺ។ នេះបើយោងតាមកាសែត VN Express៕