(ញូវយ៉ក)៖ អតិផរណា បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និងការបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបន្តធ្វើឡើងនៅក្នុងប្រទេសចិន ស្ថិតក្នុងចំណោមកត្តាដែលបង្កឱ្យមានការពន្យារពេលដល់ការស្ទុះងើបឡើងវិញពេញលេញក្នុងការធ្វើដំណើរសម្រាប់អាជីវកម្ម (business travel) ឱ្យដល់កម្រិតមុនពេលមានការរាតត្បាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ការព្យាករដែលបានចេញផ្សាយនៅថ្ងៃចន្ទដោយសមាគមធ្វើដំណើរសម្រាប់អាជីវកម្មសកល (Global Business Travel Association, GBTA) ថា ឥឡូវនេះការធ្វើដំណើរសម្រាប់អាជីវកម្មរំពឹងថានឹងកើនឡើងដល់កម្រិតឆ្នាំ២០១៩ វិញគឺចំនួន ១,៤៣ទ្រីលានដុល្លារនៅពាក់កណ្តាលឆ្នាំ២០១៦ ដែលយឺតជាង ១៨ ខែបើធៀបនឹងការព្យាករចុងក្រោយរបស់សមាគមនេះកាលពីខែវិច្ឆិកាឆ្នាំមុន។

សមាគម GBTA បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស្ទុះងើបឡើងវិញបានជួបប្រទះនឹងបញ្ហាមួយចំនួន»។ សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញផងដែរអំពីការប្រសើរឡើងបន្តិចម្តងៗពីបិរមាណទាបនៅឆ្នាំ២០២០ ចំនួន ៦៦១ប៊ីលានដុល្លាររហូតដល់ចំនួន ១,៤៧ទ្រីលានដុល្លារនៅឆ្នាំ២០១៦។

លោកស្រី Suzanne Neufang នាយកប្រតិបត្តិរបស់សមាគម GBTA ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន AFP ថា៖ «កត្តានានាដែលជះឥទ្ធិពលលើឧស្សាហកម្មជាច្រើនជុំវិញពិភពលោក ក៏ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលដល់ការធ្វើដំណើរសម្រាប់អាជីវកម្មពិភពលោកផងដែររហូតដល់ឆ្នាំ២០២៥»

សមាគម GBTA បានឱ្យដឹងទៀតថា ការស្ទុះងើបឡើងវិញមានរយៈពេលខ្លីននៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ដោយសារវីរុសអូមីក្រុង ប៉ុន្តែការធ្វើដំណើរនោះបានកើនឡើងបន្ទាប់ពីនោះមកនៅពេលដែលករណីឆ្លងជំងឺកូវីដបានធ្លាក់ចុះ។

ឧបសគ្គចម្បងសម្រាប់ការស្ទុះងើបឡើងវិញពេញលេញរួមមានតម្លៃថាមពលខ្ពស់ កង្វះកម្លាំងពលកម្ម ការបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ-១៩ ផលប៉ះពាល់ក្នុងតំបន់ដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការព្រួយបារម្ភអំពីនិរន្តរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕