(ព្រៃវែង)៖ កសិករដាំពោតក្រហមរស់នៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង បានលើកឡើងថា នៅឆ្នាំនេះ តម្លៃពោតក្រហមឡើងថ្លៃបន្តិច តែមិនចំណេញច្រើននោះទេ ដោយសារតម្លៃជី និងប្រេងឡើងថ្លៃ។

កសិករដាំពោតក្រហមបានបន្តថា ការប្រមូលផលពោតក្រហម របស់ប្រជាកសិករនៅស្រុកពាមរក៍ មិនសូវបានផលនោះទេ តែតម្លៃវាបានឡើងជាងមុនបន្តិច បើកាលឆ្នាំមុនការដាំពោតក្រហមដុះមានផ្លែធំៗល្អ មិនស្វឹត ហើយក៏មិនសំបូរស្នូលដែរ លក់ចេញបានតែ តម្លៃ៨០០រៀល ទៅ៩០០រៀលទេ ក្នុងមួយគីឡូក្រាម។ តែមកដល់រដូវប្រមូលផលពោតក្រហមឆ្នាំនេះ ពោតមិនសូវជាល្អក៏ពិតមែន តែតម្លៃលក់ចេញបានខ្ពស់ល្អជាងឆ្នាំមុនបន្តិច ដោយពោតក្រហមក្នុងមួយគីឡូក្រាមលក់ចេញបាន ១០០០រៀល ទៅ១១០០រៀល ហើយមានឈ្មួញមកទទួលទិញដល់ផ្ទះ មានពោតក្រហមប៉ុន្មានក៏គេទិញយកអស់ដែរ ដោយសារតែកន្លែងកែច្នៃ និងផលិតចំណីសត្វតម្រូវការច្រើន។

កសិករបន្តថា ការដាំពោតក្រហមដុះមិនសូវល្អ មានផ្លែតិច គឺដើរបេះ និងកាច់ដោយខ្លួនឯង តែស្រែដាំពោតក្រហមខ្លះដុះល្អ មានផ្លែច្រើន អាចមានលទ្ធភាពជួលម៉ាស៊ីនច្រូត ហើយម៉ាស៊ីនច្រូតពោតនេះគេគិតថ្លៃឈ្នួលមានតម្លៃខ្ពស់ទៅទៀត បើកាលពីមុនតម្លៃសាំង ឬប្រេងម៉ាស៊ូតនៅតម្លៃទាប គេយកថ្លៃឈ្មួលច្រូតក្នុង១ហិកតា ចន្លោះ៣០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលប៉ុណ្ណោះ តែមកដល់ឥឡូវនេះ តម្លៃសាំង ឬប្រេងម៉ាស៊ូត មានតម្លៃខ្ពស់ ក្នុង១ហិកតា គេយកថ្លៃឈ្នួលច្រូតពោតក្រហមនេះ គឺចន្លោះ ៤៥ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល។

កសិករបានបន្ថែមថា នៅរដូវបន្ទាប់នេះ បើប្រមូលផលពោតអស់ ចង់ភ្ជួរដាំពោតក្រហមបន្តទៀត តែចាំមើលតម្លៃសាំង ឬប្រេងម៉ាស៊ូតសិន បន្តចុះថ្លៃទៀត ឬនៅតម្លៃថេរ បើតម្លៃប្រេងនៅតែខ្ពស់មិនដាំបន្តទៀតនោះទេ។

កសិករបានបញ្ជាក់ថា ការដាំពោតក្រហមនេះ ថ្វីត្បិតតែមានតម្លៃលក់ចេញខ្ពស់ជាងមុនបន្តិចមែន តែបើការភ្ជួរដាំនៅរដូវបន្ទាប់នេះ ចំណាយក៏ច្រើន ដោយតម្លៃជីក៏ឡើងខ្លាំងណាស់ដែរ ពីមុនធ្លាប់ទិញជី១បាវ ទម្ងន់៥០គីឡូក្រាម ចន្លោះ៨ម៉ឺនរៀល ទៅ១២ម៉ឺនរៀល តែបច្ចប្បន្ននេះឡើងដល់ ១៨ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ហើយបើបន្តភ្ជួរដាំទៀតច្បាស់ជាមិនចំណេញនោះទេ៕