(ភ្នំពេញ)៖ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា និន្នាការថ្មីៗដែលមានសក្តានុពល ដូចជា Open Banking និងរូបិយប័ណ្ណឌីជីថលធនាគារកណ្ដាល គួរតែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថ្លែងបែបនេះ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងធនាគារជាតិនៃកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី «តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

លោកបណ្ឌិតបានលើកឡើងថា សកម្មភាពធំៗទាំង ក្នុងវិស័យធនាគារ ដែលរួមមាន ការទូទាត់, ការសន្សំ, និងការផ្តល់កម្ចី គឺមានភាពល្អប្រសើរ និងមានការអភិវឌ្ឍច្រើនគួរឱ្យកត់សម្គាល់។

លោកបណ្ឌិតបានបញ្ជាក់ថា Open Banking គឺសំដៅលើប្រព័ន្ធធនាគារដែលដំណើរការទាំងស្រុងនៅលើអ៉ីនធឺណិត និងមិនមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះទេ ហើយមានលក្ខណៈបើកចំហសម្រាប់ការធ្វើសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface – API) ដោយអនុញ្ញាតឱ្យភ្នាក់ងារផ្តល់សេវាហិរញ្ញវត្ថុទី ៣ (Third-party) អាចចូលទៅប្រើប្រាស់ទិន្នន័យ និងធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានបាន។ ចំណែកឯ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល គឺជាទម្រង់ថ្មីនៃរូបិយប័ណ្ណ ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចប្រើប្រាស់ បានតែក្នុងទម្រង់ឌីជីថល ហើយត្រូវបានដាក់ចេញ និងគ្រប់គ្រងដោយធនាគារកណ្ដាល។

លោក អ៊ូ ចាន់តារា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានក្រុមការងាររៀបចំសេចក្តី ព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា លើកឡើងថា «ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ប្រព័ន្ធធនាគារនៅកម្ពុជា បានរីកចម្រើនទៅមុខទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគុណភាព ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្រ។

លោកបានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ បានដើរតួនាទីជាអន្តរការីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុបែបប្រពៃណី ហើយគ្រឹះស្ថានខ្លះបានកំពុងដាក់ឱ្យប្រើប្រាស់សេវាធនាគារបែបឌីជីថល ជាពិសេសសេវាទូទាត់សងប្រាក់ជាអេឡិចត្រូនិកដែលរួមមានដូចជា សេវាធនាគារតាមអ៉ីនធឺណិត ឬសេវាធនាគារចល័ត សេវាទូទាត់ចល័តប័ណ្ណទូទាត់ និងការទូទាត់តាម QR Code ជាដើម៕