(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានជាង៩៥ភាគរយនៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦៨០លានដុល្លារ ។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមកម្មវិធី ស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពពាណិជ្ជកម្មអាមេរិក» ដែលរៀបចំដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នាសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ប្រាក់ចំណូលពន្ធ ដែលពន្ធដារប្រមូលបានជាង៩៥ភាគរយហើយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ហើយអគ្គនាយកដ្ឋានពន្ធដារ នៅសល់ពេល៣ខែទៀត ក្នុងការប្រមូលពន្ធ»

បើតាមផែនការនៅក្នុងច្បាប់ថវិកាជាតិ ដែលបានកំណត់ឲ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០២២ មានចំនួន ២,៨០០លានដុល្លារ ខណៈរយៈពេល៩ខែឆ្នាំនេះ ពន្ធដារប្រមូលបានជាង៩៥ភាគរយ ស្មើនឹងជាង២,៦៨០លានដុល្លារ។

លើសពីនោះទៀត លោក គង់ វិបុល សង្ឃឹមថា នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធ បានលើសពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយមិនមានបញ្ហាអ្វីនោះទេ។

លោក គង់ វិបុល បញ្ជាក់ថា ការកើនឡើងនៃការប្រមូលចំណូលពន្ធដារ ដោយសារតែការកែទម្រង់ នៃផ្នែកប្រព័ន្ធពន្ធដារ លើគ្រប់វិស័យទាំងការផ្តល់សេវា ដល់អ្នកជាប់ពន្ធ, ទាំងការផ្តល់សេវា ការចុះបញ្ជីបានល្អ, ទាំងការធ្វើសវនាកម្មបានល្អ ទាំងការគ្រប់គ្រងបំណុល និងដោះស្រាយបញ្ហានានា ដែលធ្វើឲ្យអ្នកជាប់ពន្ធទាំងអស់ មានភាពងាយស្រួល ក្នុងការបង់ពន្ធ។

ជាមួយគ្នានេះ លោក គង់ វិបុល ក៏លើកទឹកចិត្ដឲ្យអាជីវកម្មខ្នាតតូចទាំងអស់ មកចុះបញ្ជី ដើម្បីមកបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការគេចវេសមិនមកបង់ពន្ធ ព្រោះថា កាលណាក្រុមហ៊ុនខ្នាតតូច មិនបានបង់ពន្ធឲ្យបានត្រឹមត្រូវ ក្រុមហ៊ុនធំនឹងអាចមានបញ្ហា។

ត្រង់ចំណុចនេះ លោកលើកឡើងថា នៅពេលណាដែលក្រុមហ៊ុនខ្នាតតូច មិនបានមកចុះបញ្ជី បង់ពន្ធឲ្យបានត្រឹមត្រូវនោះ នឹងអាចមានបញ្ហាដល់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនធំៗមកពីបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនទាំងនោះគិតថា មិនមានភាពស្មើគ្នា ក្នុងការបង់ពន្ធ។

លោកបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ មិនមានការបង្កើនតម្លៃពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែផ្ដល់ការលើកទឹកចិត្ដជាច្រើន លើវិស័យពន្ធដារនេះ នៅក្នុងអំឡុងពេលកូវីដ១៩ ហើយលោកថា ក្រុមហ៊ុនខ្លះមិនបានបង់ពន្ធនោះទេ ទោះបីជាក្រុមហ៊ុននោះ បានប្រមូលពន្ធអាករលើតម្លៃបន្ថែមក៏ដោយ។

សូមបញ្ជាក់ផងដែរថា កម្មវិធី ស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពពាណិជ្ជកម្មអាមេរិក» ធ្វើឡើងក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗ ពីអគ្គនាយកដ្ឋានពន្ធដារ ទៅវិស័យឯកជន ដើម្បីឲ្យស្របទៅតាមបទប្បញ្ញត្ដិ និងគោលនយោបាយបច្ចុប្បន្ន របស់អគ្គនាយកដ្ឋានពន្ធដារ៕