(ភ្នំពេញ)៖ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំងអស់ ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ កាត់បន្ថយលក្ខខណ្ឌតម្រូវមួយចំនួន ក្នុងការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ ដើម្បីជំរុញល្បឿននៃការបញ្ចេញឥណទានឲ្យបានច្រើន និងឆាប់រហ័ស ក្នុងផ្តល់ការគាំទ្រឲ្យទាន់ពេលវេលាដល់វិស័យទេសចរណ៍។

គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២២នេះ ទើបតែមានអាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៨៨ ក្នុងទំហំទឹកប្រាក់សរុបចំនួន ២៥លានដុល្លារអាមេរិកប៉ុណ្ណោះ បានទទួលកម្ចីពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍នេះ។

លោកបណ្ឌិត លឹម អូន អគ្គនាយក SME Bank បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយកត់សម្គាល់ថា ល្បឿននៃការផ្តល់ឥណទានដល់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ហាក់មានភាពយឺតយ៉ាវជាងការរំពឹងទុក បើធៀបជាមួយនឹងគម្រោងហិរញ្ញប្បទានស្តារវិស័យផ្សេងៗ ដែល SME Bank បានអនុវត្តចំនួន២កន្លងមក។

លោកបន្តថា ភាពយឺតយ៉ាវនេះដោយសារតែគម្រោងនេះផ្តល់វិសាលភាពមិនទូលំទូលាយ ដោយផ្តោតតែទៅលើវិស័យទេសចរណ៍ប៉ុណ្ណោះ ។ ព្រមជាមួយគ្នានេះ តាមរយៈការសង្កេតឃើញថា វិស័យទេសចរណ៍នៅតែរងហានិភ័យខ្ពស់ក្នុងដំណាក់កាលនេះ និងភាពប្រាកដប្រជានៃការងើបឡើងវិញនៃវិស័យទេសចរណ៍ មិនទាន់មានភាពច្បាស់លាស់ បានធ្វើឱ្យ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ហាក់មានភាពស្ទាក់ស្ទើរ និងបង្កើតភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការសិក្សាផ្តល់ឥណទានទៅដល់ម្ចាស់អាជីវកម្ម ។

លោកបន្តថា «តាមលក្ខណៈបច្ចេកទេស កន្លងមកវិស័យទេសចរណ៍មានផលប៉ះពាល់ខ្លាំង ដូចជាបិទទ្វារ ឬរកស៊ីខាតកាលពីពេលកន្លងមក ហើយអ្នកខ្លះក៏មានខ្ចីធនាគាររួច ហើយឥណទានចាស់របស់គាត់ក៏មិនសូវល្អ ការសងត្រឡប់ក៏មិនសូវល្អ បានធ្វើឱ្យប៉ះពាល់ដល់ប្រវត្តិសងរបស់ពួកគាត់ ដែលជាគោលការណ៍នៃការផ្តល់ឥណទាន បើអតិថិជនណាដែលធ្លាប់មានប្រវត្តិឥណទានមិនល្អ នៅពេលដែលគាត់ស្នើសុំឥណទានបន្ថែម គឺពិបាកណាស់ ជួនកាលគឺធនាគារមិនឱ្យតែម្តង បើគេឱ្យក៏តឹងតែងដែរ ព្រោះធនាគារក្នុងការងារនេះក៏ប្រឈមហានិភ័យ ដែលធ្វើឱ្យគាត់ត្រូវប្រុងប្រយ័ត្នខ្លាំង»

លោកបន្ថែមថា «តែទោះជាយ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំដែលបានធ្វើកាលពីថ្ងៃទី២៧ កញ្ញា បានផ្តល់អនុសាសន៍ឱ្យពួកគាត់[តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ] ជួយសម្រួល បន្ធូរបន្ថយលក្ខខណ្ឌផ្ទៃក្នុងរបស់គាត់មួយចំនួន ព្រោះដោយសារគម្រោងនេះ ជាគម្រោងពិសេសរបស់រាជរដ្ឋាភិបាល ហើយការចូលរួមនេះមិនមែន ដើម្បីរកប្រាក់ចំណេញទេ គឺជាការងារចូលរួមជួយសង្គម និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរផង»

លោកសង្ឃឹមថានឹងមានការឆ្លើយតបជាវិជ្ជមានចំពោះករណីនេះ បន្ទាប់ពីគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ បានសន្យាយកសំណើរនេះទៅពិចារណា។ ទន្ទឹមគ្នានេះដែរ លោកបានលើកទឹកចិត្តឲ្យប្រើប្រាស់សេវាធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដែលជាយន្តការមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានផងដែរ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ដែលមានទឹកប្រាក់១៥០លានដុល្លារ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ ដែលម្ចាស់អាជីវកម្មអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ និងរយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕