(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) និងភាគីពាក់ព័ន្ធបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ពី “ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីនៃ ការវិនិយោគនៃមូលនិធិ Venture Capital (VC) និង ភាគហ៊ុនឯកជន Private Equity (PE)  ក្នុងការវិនិយោគលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា” ដើម្បីចូលរួមចំណែករិះរកដំណោះស្រាយលើបញ្ហាប្រឈម និងប្រមូលធាតុចូលបន្ថែមទៀត ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីមូលនិធិ VC និង ភាគហ៊ុនឯកជន PE នៅកម្ពុជាឱ្យមានភាពអំណោយផល និងរស់រវើក នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងឱ្យស្ថាប័នពាក់ព័ន្ធក្នុងវិស័យ VC និង PE ក៏ដូចជាសហគ្រិននៃធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់ទទួលបានហិរញ្ញប្បទាន ដើម្បីចែករំលែកបទពិសោធន៍នានា ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើលទ្ធផលស្រាវជ្រាវបឋម និងប្រមូលធាតុចូលបន្ថែម ទៅលើបញ្ហាប្រឈម និងអនុសាសន៍គោលនយោបាយ ទាក់ទងនឹងការវិនិយោគទៅលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានទទួលស្គាល់ថាការវិនិយោគនៃមូលនិធិ Venture Capital (VC) និង ភាគហ៊ុនឯកជន Private Equity (PE) គឺជាគន្លឹះមួយសម្រាប់កំណើនសេដ្ឋកិច្ចលឿនជាងមុន និងជាធាតុស្នូលមួយក្នុងការជំរុញការបង្កើតថ្មី និងបង្កើតការងារនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍នៃការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទីផ្សារ VC និង PE មានសារៈសំខាន់ខ្លាំងណាស់ក្នុងការគាំទ្រទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលនៅកម្ពុជា ព្រោះជាទូទៅ ធនាគារមិនចង់ផ្តល់ហិរញ្ញប្បទាន ទៅដល់ធរុកិច្ចណា ដែលមានហានិភ័យខ្ពស់នោះទេ ខណៈពេលដែលការបោះពុម្ភផ្សាយមូលបត្រលើទីផ្សារភាគហ៊ុនបច្ចុប្បន្ននៅមានកម្រិត ។

យោងតាមលទ្ធផលស្រាវជ្រាវបឋម និងកិច្ចពិភាក្សានៃសិក្ខាសាលានេះ ការវិនិយោគទៅលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺនៅមានកម្រិតទាប និងមានគម្លាត ដោយសារបញ្ហាប្រឈមមួយចំនួនដូចជា៖ កង្វះខាតធុរកិច្ចដែលមានគុណភាពខ្ពស់, ស្ថាប័នផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៅមានចំនួនទាប, ប្រតិបត្តិការវិនិយោគនៅមានកំណត់ ឬមិនមានទិន្នន័យសាធារណ:គ្រប់គ្រាន់, មិនសូវមានជម្រើសក្នុងការដកទុនចេញ (Exit Option), បញ្ហាអនុលោមភាព និងបទប្បញ្ញត្តិនានា, និងការផ្សព្វផ្សាយកម្មវិធីគាំទ្រនានាមិនទាន់ទូលំទូលាយ។

ជាលទ្ធផល អង្គសិក្ខាសាលាបានលើកជាសំណើចំនួន ០៣ ក្នុងការចូលរួមជាធាតុចូល មានដូចខាងក្រោម៖
១. បង្កើនជំនួយហិរញ្ញវត្ថុ ដោយធ្វើការរៀបចំមូលនិធិ ទៅតាមវិស័យអាទិភាពជាក់លាក់ និងទៅតាមដំណាក់កាលនៃតម្រូវការហិរញ្ញវត្ថុរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលនឹងចូលរួមចំណែកដល់គោលនយោបាយស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវដី១៩ និងផ្ដល់ការឧបត្ថម្ភហិរញ្ញវត្ថុទៅកាន់សេវាកម្មគាំទ្រផ្សេងៗនៅក្នុងប្រព័ន្ធអេកូឡូស៊ី។
២. បង្កើនសេវាកម្មគាំទ្រ ដោយផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងជំនាញគ្រប់គ្រងមូលនិធិដែលមានជំនាញវិជ្ជាជីវៈ, អភិវឌ្ឍសមត្ថភាពរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម និងធ្វើការឃោសនា និងបណ្ដុះវប្បធម៌ទទួលយកហានិភ័យ និងផ្នត់គំនិតសហគ្រិនជាកម្រិតក្នុងស្រុក និងក្នុងតំបន់។
៣. ជំរុញការអភិវឌ្ឍវិស័យនេះ ដោយបន្តកាត់បន្ថយបន្ទុកអនុលោមភាព ដើម្បីទាក់ទាញវិស័យ VC និង PE ព្រមទាំងដាក់ចេញនូវយន្តការចែករំលែកហានិភ័យ តាមរយៈវិធានការសហវិនិយោគ៕