(ហុងកុង)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិនបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធនាគារពាណិជ្ជធំៗក្នុងប្រទេសនេះបានយល់ព្រមផ្តល់កម្ចីយ៉ាងហោចណាស់ ៣៨ពាន់លានដុល្លារដល់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសចិនបើគិតតាមបរិមាណលក់ បានឡើងថ្លៃជាង ២០ភាគរយបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននេះបានទទួលជំនួយឥណទានពីធនាគារ Postal Savings Bank of China ចំនួនយ៉ាងហោចណាស់ ៥០ពាន់លានយន់ (៧ពាន់លានដុល្លារ)។

ភាគហ៊ុនរបស់ក្រុមហ៊ុន China Vanke ក្រុមហ៊ុន CIFI Holdings និងក្រុមហ៊ុន Greentown China សុទ្ធតែបានឡើងថ្លៃចន្លោះពី ៥,៨ភាគរយដល់ ១២,៨ ភាគរយនៅក្នុងផ្សារហ៊ុនក្រុងហុងកុង។

សន្ទស្សន៍ភាកហ៊ុនអចលនទ្រព្យរបស់ផ្សារហ៊ុន Hang Seng កើនឡើង ៦,៤ភាគរយ។

ក្រៅពីធនាគារ Postal Bank ធនាគាររដ្ឋធំចំនួនបីទៀតរបស់ប្រទេសចិនបានយល់ព្រមផ្តល់ការគាំទ្រផ្នែកមូលនិធិដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា រួមទាំងក្រុមហ៊ុន Vanke និង Country Garden ផងដែរក្នុងកិច្ចប្រឹងប្រែងសម្របសម្រួលមួយដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យដែលកំពុងជួបបញ្ហា។

លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis Corporate and Investment Bank បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អាទិភាពគោលនយោបាយត្រូវបានដាក់លើការគាំទ្រក្រុមហ៊ុនអភិវឌ្ឍន៍ធំៗនិងល្អៗ ព្រោះវានៅតែជាបញ្ហាប្រឈមសម្រាប់ពួកគេក្នុងការប្រមូលសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់តាមរយៈការលក់ ការបោះផ្សាយបណ្ណបំណុល និងការលក់ភាគហ៊ុន។

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែខ្ញុំព្រួយបារម្ភបន្តិចអំពីក្រុមហ៊ុនតូចៗ ហើយពួកគេប្រហែលជានៅតែមិនអាចមានលទ្ធភាពសងបំណុល ដោយសារបញ្ហាប្រឈមក្នុងការលក់ផ្ទះ ឬការផ្តល់ហិរញ្ញប្បទានដោយខ្លួនឯង»

ក្រុមអ្នកវិភាគបានឱ្យដឹងថា ផលប៉ះពាល់លើធនាគារដោយសារការកើនឡើងនៃការផ្តល់ប្រាក់កម្ចីរបស់ពួកគេទៅកាន់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលប្រឈមបញ្ហា នឹងមានភាពចម្រុះ ខណៈដែលធនាគារទាំងនោះត្រូវតែធ្វើឱ្យមានតុល្យភាពរវាងការស្តាប់តាមការអំពាវនាវរបស់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យគាំទ្រវិស័យនេះ និងការការពារហានិភ័យ។

លោក Ng បានថ្លែងថា៖ «គុណភាពទ្រព្យសកម្មអាចស្ថិតក្នុងបញ្ហាប្រឈម ហើយអនុបាតប្រាក់កម្ចីមិនដំណើរការសម្រាប់អចលនទ្រព្យនឹងមានកម្រិតខ្ពស់សម្រាប់ធនាគារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»