(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានជូនដំណឹងដល់ម្ចាស់សហគ្រាស ដែលជំពាក់បំណុលពន្ធទាំងអស់​ មកធ្វើការទូទាត់បំណុលពន្ធ ឬចូលខ្លួនមក ដោះស្រាយបំណុលពន្ធ ឱ្យបានយ៉ាងយូរត្រឹមដំណាច់ ឆ្នាំ២០២២ មុននឹងអគ្គនាយកដ្ឋានពន្ធដារ អនុវត្តវិធានការតឹងទារបំណុលពន្ធ ​ដែលធ្វើឱ្យសហគ្រាសរងការខាតបង់។ នេះបើយោងសេចក្តី ជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា សហគ្រាសភាគច្រើនបានចូលខ្លួន មកធ្វើការទូទាត់បំណុលពន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះជាច្រើន លើកច្រើនសារ ឱ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់បន្ថែមថា អនុលោមតាមច្បាប់ ស្តីពីសារពើពន្ធរដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ មានសិទ្ធិក្នុងការអនុវត្តវិធានការតឹងទារបំណុលពន្ធ ចំពោះអ្នកជំពាក់បំណុលពន្ធ ដូចខាងក្រោម៖

* ព្យួរទុកជាបណ្តោះអាសន្ន នូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់សហគ្រាសដោយមិនអនុញ្ញាតឱ្យ ស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ

* ឃាត់ទុកជាបណ្តោះអាសន្ន នូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ

* សហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល

* សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហគ្រាស ជាបណ្តោះអាសន្ន

* សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកគណនីធនាគាររបស់សហគ្រាស ឬ/ និង បុគ្គលពាក់ព័ន្ធ

* សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬ/ និង ការផ្ទេរភាគហ៊ុន

* សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗ

* ដាក់ពាក្យបណ្តឹងទៅតុលាការ ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ មិនព្រមមកធ្វើការទូទាត់។

ដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុ ចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ សូមម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ អញ្ជើញមកធ្វើការទូទាត់បំណុលពន្ធ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូច និងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលជាអង្គភាពគ្រប់គ្រងសហគ្រាស យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ ជាកំហិត៕