(ប៉េកាំង)៖ ប្រទេសចិននឹងកាត់បន្ថយចំនួនសាច់ប្រាក់ដែលធនាគារត្រូវរក្សាទុកជាទុនបម្រុងជាលើកទីពីរក្នុងឆ្នាំនេះ ដោយបញ្ចេញសាច់ប្រាក់ប្រហែល ៥០០ពាន់លានយ័ន (៦៩,៨ពាន់លានដុល្លារ) នៅក្នុងសាច់ប្រាក់ងាយស្រួលរយៈពេលវែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងថមថយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលចិនថា ធនាគារកណ្តាលនេះនឹងកាត់បន្ថយអនុបាតប្រាក់បម្រុងកាតព្វកិច្ច (RRR) សម្រាប់ធនាគារចំនួន ២៥ពិន្ទុមូលដ្ឋាន (bps) ឬស្មើនឹង ០,២៥ភាគរយដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៥ ខែធ្នូតទៅ។

ធនាគារកណ្តាលចិនសង្ឃឹមថានឹងជំរុញការផ្តល់ប្រាក់កម្ចីបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ច ប៉ុន្តែក្រុមអ្នកវិភាគមិនយល់ឃើញដូច្នេះទេដោយសារការផ្ទុះឡើងនៃករណីកូវីដ-១៩ ធ្វើឱ្យរោងចក្រ និងគ្រួសារស្ថិតក្នុងស្ថានភាពបិទខ្ទប់ ដែលជំរុញឱ្យមានចំណង់តិចតួចក្នុងការខ្ចីឥណទានថ្មី ខណៈដែលចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ចដែលយឺតជាងការរំពឹងទុករួចទៅហើយនោះមានភាពអាប់អួរ។

លោក Mark Williams ប្រធានសេដ្ឋវិទូនៅអាស៊ីមកពីក្រុមហ៊ុន Capital Economics បាននិយាយនៅក្នុងកំណត់សម្គាល់មួយថា៖ «ការកាត់បន្ថយ [អនុបាតនេះ] នឹងជួយឱ្យធនាគារអនុវត្តតាមការណែនាំដើម្បីពន្យាការសងប្រាក់កម្ចីពីក្រុមហ៊ុនដែលកំពុងតស៊ូជាមួយនឹងការរឹតបន្តឹងការបិទខ្ទប់ដែលកាន់តែរីករាលដាល»
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែក្រុមហ៊ុន ឬគ្រួសារតិចតួចដែលមានឆន្ទៈក្នុងការខ្ចីប្រាក់ថ្មីនៅក្នុងបរិយាកាសមិនច្បាស់លាស់នេះ»។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារកណ្តាលចិនកំពុងស្ថិតក្នុងស្ថានភាពលំបាកក្នុងការអនុវត្តគោលនយោបាយ ដោយស្វែងរកមធ្យោបាយនានាដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ខណៈពេលដែលជៀសវាងការកាត់បន្ថយអត្រាការប្រាក់ខ្លាំងដែលអាចជំរុញឱ្យមានសម្ពាធអតិផរណា និងហានិភ័យលំហូរប្រាក់ចេញពីប្រទេសចិន ស្របពេលដែលធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលរបស់ប្រទេសផ្សេងៗ ដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។

ក្រុមអ្នកវិភាគប្រចាំក្រុមហ៊ុន Citi បានឱ្យដឹងនៅក្នុងកំណត់សម្គាល់មួយថា៖ «យើងឃើញមានលំហរតិចតួចដែលមានសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀតក្នុងរយៈពេលមធ្យម ខណៈដែលធនាគារកណ្តាលចិនកាន់តែយកចិត្តទុកដាក់ចំពោះហានិភ័យអតិផរណា នៅពេលដែលប្រទេសចិនឆ្ពោះទៅរកយុគសម័យក្រោយជំងឺរាតត្បាត»