(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានសម្តែងក្តីព្រួយបារម្ភអំពីអវត្តមានប្រព័ន្ធសកលប្រកបដោយប្រសិទ្ធភាពមួយ ដើម្បីដោះស្រាយបញ្ហាបរាជ័យសងបំណុលនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ហើយធនាគារនេះក៏ព្រួយបារម្ភផងដែរអំពីការកើនឡើងកម្រិតបំណុលនៅក្នុងប្រទេសអ្នកមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក David Malpass ប្រធានធនាគារពិភពលោក ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំព្រួយបារម្ភអំពីដំណើរការបរាជ័យសងបំណុលដែលគ្មានសណ្តាប់ធ្នាប់ នៅទីណាដែលមិនមានប្រព័ន្ធមួយដើម្បីដោះស្រាយវាសម្រាប់ប្រទេសក្រីក្រ»។ លោកបានបន្ថែមថា៖ «យើងក៏ត្រូវតែដោះស្រាយផងដែរសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននូវការកើនឡើងកម្រិតបំណុលដ៏ធំនេះ។ ដូច្នេះ នៅពេលដែលអត្រាការប្រាក់កើនឡើង សេវាបំណុលកើនឡើងដែរសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ហើយកត្តានោះត្រូវការដើមទុនយ៉ាងច្រើនពីពិភពលោក»

ប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំៗនៅក្នុងពិភពលោកជាច្រើនបានលើកឡើងជាយូរមកហើយអំពីកម្រិតបំណុលពិភពលោកដែលមានចំនួនច្រើនបំផុត ជាពិសេសនៅពេលដែលអាជ្ញាធររូបិយវត្ថុនានាត្រូវដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា។

ធនាគារពិភពលោកប្រតិបត្តិការសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាវេទិកាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រខ្លាំងនៅក្នុងប្រទេសក្រីក្របំផុតចំនួន៧៤។ លោក Malpass បាននិយាយថា បើរួមគ្នាប្រទេសទាំងនោះនឹងជំពាក់ម្ចាស់បំណុលរបស់ពួកគេប្រហែល ៦២ពាន់លានដុល្លារនៅឆ្នាំនេះ ពោលគឺច្រើនជាងនៅឆ្នាំ២០២១ ប្រហែល ៣៥% ។

លោកបានថ្លែងបន្តថា បើទោះជាប្រទេសម្ចាស់ជំនួយនានាដូចជាសហរដ្ឋអាមេរិកផ្តល់ប្រាក់ដើម្បីជួយ IDA ក្តី ក៏វាមិនគ្រប់គ្រាន់ដែរដើម្បីរ៉ាប់រងការចំណាយ ដែលនេះបង្ហាញឱ្យឃើញពី «បញ្ហាប្រឈមដ៏ធំមួយ»។ លោកបន្ថែមថា ប្រហែល ៦៦% នៃឥណទានទ្វេភាគីនៅក្នុង IDA គឺជំពាក់ប្រទេសចិន។ នេះបើយោងតាម Bloomberg៕