(តូក្យូ)៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានលើកឡើងថា ការកើនឡើងនៃសម្ពាធអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនថាជាហានិភ័យចំពោះចក្ខុវិស័យសេដ្ឋកិច្ចរបស់អាស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Georgieva ក៏បានអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយបង្កើតទ្រនាប់ការពាររបស់ខ្លួនឡើងវិញប្រឆាំងនឹងវិបត្តិណាមួយដែលអាចកើតមាននាពេលអនាគត។

ស្របពេលជាមួយគ្នានោះដែរ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa ក៏បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយរបស់អាស៊ី មានការប្រុងប្រយ័ត្នចំពោះសញ្ញានៃលំហូរចេញមូលធនភ្លាមៗផងដែរ ដែលត្រូវបានជំរុញដោយការដំឡើងអត្រាការប្រាក់ជាបន្តរបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Asakawa ខណៈថ្លែងនៅក្នុងសារវីដេអូមួយដែលត្រូវបានចាក់ផ្សាយនៅក្នុងវេទិកាអាស៊ាន +3 នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រថា៖ «យើងកំពុងមើលឃើញរួចហើយនូវហានិភ័យនៃការរឹតបន្តឹងយ៉ាងតក់ក្រហល់នៃគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលអាចបង្កឱ្យមានការលំហូរចេញមូលធនភ្លាមៗ ឬការធ្លាក់ចុះថ្លៃរូបិយប័ណ្ណ»

លោកស្រី Georgieva បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជា «ចំណុចផ្តោត» នៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយតំបន់នេះត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥% នៅឆ្នាំនេះ និងធ្លាក់ចុះបន្តិចនៅឆ្នាំ២០២៣»។

ប៉ុន្តែលោកស្រីបានព្រមានថា ចក្ខុវិស័យនេះមានភាពមិនប្រាកដប្រជាខ្លាំង និងគ្របដណ្ដប់ដោយហានិភ័យនានា ដូចជាផលវិបាកពីសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ការរឹតបន្តឹងហិរញ្ញវត្ថុពិភពលោក និងការថមថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោកស្រី Georgieva មានប្រសាសន៍ថា៖ «បញ្ហាប្រឈមសកលដ៏គួរឱ្យព្រួយបារម្ភមួយទៀតគឺអតិផរណា។ អតិផរណាត្រូវបានរំពឹងថានឹងមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះនៅក្នុងទ្វីបអាស៊ីនៅឆ្នាំនេះ។ ប៉ុន្តែសម្ពាធអតិផរណានៅក្នុងតំបន់កំពុងកើនឡើង»

លោកស្រីបន្ថែមថា៖ «យើងមិនដឹងថាតើការបញ្ហានេះនឹងមានរយៈពេលយូរប៉ុណ្ណាទេ និងថាតើនឹងមានបញ្ហាផ្សេងទៀតកើតឡើងដែរឬទេ។ ប៉ុន្តែយើងត្រូវតែបង្កើតទ្រនាប់ការពារឡើងវិញ និងថែរក្សាទ្រនាប់ទាំងនេះ ហើយត្រៀមខ្លួនដើម្បីប្រើប្រាស់ឧបករណ៍គោលនយោបាយរបស់យើងឱ្យបានពេញលេញ»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការបិទខ្ទប់យ៉ាងតឹងរ៉ឹងរបស់ប្រទេសចិនដើម្បីទប់ស្កាត់ជំងឺកូវីដបានដាក់បន្ទុកលើកំណើនសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះរួចស្រាប់ហើយនោះ ដោយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចុះខ្សោយ និងរំខានដល់សង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតកម្មនៅទូទាំងពិភពលោក។

ផលវិបាលពីការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្វើឱ្យមានបញ្ហាយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី ដែលសកម្មភាពរោងចក្របានធ្លាក់ចុះនៅទូទាំងតំបន់ក្នុងខែវិច្ឆិកា៕