(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានថ្លែងថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩ ។

បណ្ឌិត លឹម អូន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

លោកមានប្រសាសន៍ថា គម្រោងទាំង៣នេះ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ៣៦៩លានដុល្លារអាមេរិក ដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅ សហគ្រាស ក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក ។ចំណែក១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន៤គ្រឹះស្ថាន។

លោកបន្ត ថា«លទ្ធផលខាងលើ ពិតជាមិនអាចសម្រេចបានឡើយ បើសិនជាមិនមានការចូលរួមគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងដៃគូសហការទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងនៅតែចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបន្តទៀត»

លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានថ្លែងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ទាំងពីរដំណាក់កាលបានចូលរួមជួយដល់ការបន្ធូរបន្ថយផលប៉ះពាល់របស់សហគ្រាសធនតូច និងមធ្យមបានយ៉ាងច្រើន ពោលគឺជួយគាំទ្រឱ្យសហគ្រាសអាចនៅបន្តលំនឹងអាជីវកម្មរបស់ខ្លួន ក្នុងពេលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាពិសេសហិរញ្ញប្បទាន ដែលសហគ្រាសទទួលបានក្នុងដំណាក់កាលពីទី២ មិនត្រឹមតែបានជួយកែលម្អ និងរក្សាលំនឹងអាជីវកម្មឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយដល់សហគ្រាសដែលមានសក្តានុពលរក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលពីការលក់ និងការបង្កើតការងារថ្មីជាច្រើនកន្លែងផងដែរ។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា «ក្នុងនាមជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាសមាជិក ខ្ញុំមានមោទនភាព និងកិត្តិយសក្រៃលែងដែលអាចបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ក្នុងគោលបំណងផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីស្តារ ចាប់ផ្តើម និងពង្រីកអាជីវកម្មររបស់ខ្លួន»

គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងទំហំហិរញ្ញប្បទានសរុបចំនួន ១០០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនូន៥០លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៥០លានដុល្លារ។ វិស័យអទិភាពដែលទទួលបានឥណទាននេះ រួមមាន វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យកម្មសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក និងការកែច្នៃផ្សេងៗ និងវិស័យព័ត៌មានវិទ្តា និងទូរគមនាគមន៍ជាដើម។ គម្រោងដំណាក់កាលទី១ បានផ្តល់ឥណទានដល់សហគ្រាសរុបចំនួន ៧៥៣។

គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី២ បានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០២១ ក្នុងទំហំហិរញ្ញប្បទានចំនួន ២៤០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនួន១២០ លានដុល្លារ និងថវិកាបដិភាគរបស់របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមានចំនួន១២០លានដុល្លារ។ គម្រោងនេះបានបញ្ចប់ហើយកាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយសហគ្រាសចំនួន១៩៩២ ទទួលបានឥណទានពីគម្រោងនេះ។

រីឯគម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក៕