(តូក្យូ)៖ ក្រសួងហិរញ្ញវត្ថុជប៉ុនបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុនក្នុងខែវិច្ឆិកាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំ ខណៈការធ្លាក់ថ្លៃប្រាក់ដុល្លារបានជំរុញតម្លៃទ្រព្យសកម្មបរទេសដែលមិនមែនជាប្រាក់ដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់មន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ជប៉ុនបានកើនឡើង ២,៦៥ភាគរយធៀបនឹងខែតុលា ដល់ ១,២២៦ពាន់ពាន់លានដុល្លារនៅដំណាច់ខែវិច្ឆិកា ដែលជាកំណើនលើកដំបូងក្នុងរយៈពេល ៤ខែ និងជាកំណើនខ្ពស់បំផុតគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦មក។

វិនិយោគិនកំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ទៅលើប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុន និងការធ្វើអន្តរាគមន៍ដើម្បីដឹងពីតម្រុយអំពីបរិមាណទឹកប្រាក់ដែលជប៉ុនអាចចំណាយដើម្បីទប់ស្កាត់ការចុះថ្លៃប្រាក់យ៉េន បើទោះបីជាការធ្លាក់ចុះថ្លៃប្រាក់ដុល្លារនាពេលថ្មីៗនេះបានបន្ធូរបន្ថយសម្ពាធលើរូបិយប័ណ្ណជប៉ុនក៏ដោយ។

ប្រាក់ដុល្លារបានធ្លាក់ចុះប្រហែល ១០ភាគរយធៀបនឹងប្រាក់យ៉េនចាប់តាំងពីឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេល ៣២ឆ្នាំ ដែលកើនជិតដល់ ១៥២យ៉េនក្នុងមួយដុល្លារកាលពីខែតុលា។ ប្រាក់ដុល្លារបានធ្លាក់ចុះថ្លៃមកវិញ ខណៈដែលមានការកើនឡើងការរំពឹងទុកថា ការដំឡើងអត្រាការប្រាក់ដ៏តក់ក្រហល់របស់ធនាគារកណ្តាលអាមេរិកអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតហើយ ហើយអតិផរណាអាចកើនឡើងជិតដល់កម្រិតខ្ពស់បំផុតផងដែរ។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុនធ្លាក់ចុះក្នុងខែកញ្ញា និងខែតុលា ដោយអន្តរាគមន៍លក់និងទិញប្រាក់យ៉េនរបស់អាជ្ញាធរ នៅពេលដែលអាជ្ញាធរទាំងនោះព្យាយាមទប់ទល់នឹងការធ្លាក់ចុះយ៉ាងខ្លាំងរបស់ប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារ។ ការកើនឡើងទិន្នផលមូលបត្របំណុលបរទេសក៏បានកាត់បន្ថយតម្លៃប្រាក់បម្រុងរូបិយប័ណ្ណផងដែរ។

ក្រសួងហិរញ្ញវត្ថុជប៉ុនបានឱ្យដឹងទៀតថា ដោយកត្តាទាំងនោះលែងមានភាពសកម្មទៀតហើយនោះ កត្តាផ្សេងទៀតដែលជំរុញប្រាក់បម្រុងរបស់ជប៉ុនដូចជា ការប្រាក់ដែលទទួលបានពីការកាន់កាប់មូលបត្របំណុលបរទេស ការធ្លាក់ចុះទិន្នផលមូលបត្របំណុលនៅបរទេស ការឡើងថ្លៃប្រាក់អឺរ៉ូធៀបនឹងប្រាក់ដុល្លារ និងតម្លៃមាសកាន់តែខ្ពស់ បានជំរុញឱ្យប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុនកើនឡើងនៅក្នុងខែវិច្ឆិកានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕