(បាងកក)៖ ទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃបានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១,១៥លាននាក់ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួនប្រហែល ៤២៨ ០០០នាក់កាលពីឆ្នាំ២០២១ នៅពេលដែលមានការទប់ស្កាត់ការធ្វើដំណើរដើម្បីបង្ការការឆ្លងជំងឺកូវីដ។ នេះបើយោតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា តួលេខដែលខ្ពស់ជាងទិសដៅរបស់រដ្ឋាភិបាលនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏រឹងមាំមួយ នៅពេលដែលប្រទេសថៃព្យាយាមធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួនរស់ឡើងវិញ ដែលឧស្សាហកម្មនេះបានរងប៉ះពាល់យ៉ាងខ្លាំងដោយសារគោលនយោបាយទប់ស្កាត់ជំងឺកូវីដ។

នៅក្នុងខែធ្នូ មានភ្ញៀវទេសចរបរទេសចំនួន ២,២៤លាននាក់ទៅទស្សនាប្រទេសនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនតែ ២៣០ ៤៩៧នាក់។

មុនពេលមានជំងឺរាតត្បាតនៅឆ្នាំ២០១៩ ព្រះរាជាណាចក្រមួយនេះទទួលបានភ្ញៀវទេសចរបរទេសជិត ៤០លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ។

ក្រសួងទេសចរណ៍ និងកីឡាថៃបានឱ្យដឹងថា ម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី គឺជាទីផ្សារធំទាំងបីរបស់ប្រទេសថៃកាលពីឆ្នាំមុន។

នៅឆ្នាំ២០២៣ រដ្ឋាភិបាលថៃកំពុងរំពឹងថានឹងមានភ្ញៀវអន្តរជាតិចំនួន ២៥លាននាក់ រួមទាំងយ៉ាងហោចណាស់ ៥លាននាក់មកពីប្រទេសចិន ដែលជាទីផ្សារប្រភពដ៏ធំបំផុតរបស់ប្រទេសថៃមុនពេលកើតមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕