(ភ្នំពេញ)៖ ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួនជិត ១០ម៉ឺនតោន ទៅកាន់ទីផ្សារចំនួន ៣៨ប្រទេស ដោយទទួលបានទឹកប្រាក់ចំនួន ៧២.៦៧លានដុល្លារសហរដ្ឋអាមេរិក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។

ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤០ក្រុមហ៊ុន ដោយបាននាំចេញទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុងចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០.៣៣% គីតជាទឹកប្រាក់ចំនួន ៣៣.៩៣ លានដុល្លារ, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២១ បានចំនួន ៣៨ ៤៥៦តោនដែលគិតជាទឹកប្រាក់មានចំនួន២៧.២៦ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសម៉ាឡេស៊ី និងសិង្ហបូរីចំនួន ៤ ៤០៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣.០២លាន ដុល្លារសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈឹមបូព៌ា តួគី រុស្សី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ៥ ៥៤៦ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៨.១៤លាន ដុល្លារសហរដ្ឋអាមេរិក។

អង្ករក្រអូបប្រណិតដែលមានពូជស្រូវផ្ការំដួល នាំចេញបានចំនួន ៤៩ ៣៨១ តោន អង្ករសែនក្រអូប ចំនួន ៣៦ ៤៩៥ តោន អង្ករសចំនួន ៦ ៤៦១ តោន អង្ករចំហុយចំនួន ២ ៨៩០ តោន និងអង្ករសរីរាង្គចំនួន ២ ២៨៤ តោន។

ដោយឡែកត្រឹមតែពេញមួយខែ កុម្ភៈ កម្ពុជាបាននាំចេញអង្ករចំនួនជាង៦ម៉ឺនតោន ទទួលបានចំណូលចំនួន ៤១.១៥លានដុល្លាសហរដ្ឋអាមេរិក។

ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្រូវ ទៅកាន់ប្រទេសជិតខាងបានចំនួន ៨៧១ ៣១៩តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ២១៧.៨២ លានដុល្លារសហរដ្ឋអាមេរិក៕