(វ៉ាស៊ីនតោន)៖ ការដួលរលំធនាគារ Silicon Valley Bank (SVB) កាលពីសប្តាហ៍មុនអាចនាំឱ្យវដ្តនៃការដំឡើងអត្រាការប្រាក់បច្ចុប្បន្នរបស់ធនាគារកណ្តាលអាមេរិកដល់ទីបញ្ចប់លឿនជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមពាណិជ្ជករនិងក្រុមអ្នកវិភាគដែលធ្លាប់បានព្យាករថា ធនាគារកណ្តាលអាមេរិកនឹងបង្កើនល្បឿននៃការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ឥឡូវនេះបានលុបចោលការរំពឹងទុករបស់ខ្លួនវិញ ដោយអ្នកខ្លះនិយាយថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលនៅសប្តាហ៍ក្រោយ ដោយសារបញ្ហានៅក្នុងវិស័យធនាគារ។

ការដួលរលំកាលពីសប្តាហ៍មុនរបស់ធនាគារ SVB និងធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានបង្កើតជាការបរាជ័យដ៏ធំបំផុតរបស់ធនាគារចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨។

ការដួលរលំនេះបានធ្វើឱ្យគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) របស់ធនាគារកណ្តាលអាមេរិកស្ថិតនៅក្នុងស្ថានភាពពិបាកមួយ ខណៈដែលគណៈម្មាធិការនេះសម្លឹងឆ្ពោះទៅរកការដោះស្រាយអតិផរណាដែលកើនឡើងខ្ពស់ជាងទិសដៅ និងទិន្នន័យសេដ្ឋកិច្ចមិនសូវល្អ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន Wells Fargo ឥឡូវនេះព្យាករថា ធនាគារកណ្តាលអាមេរិកនឹងបញ្ចប់វដ្តដំឡើងការប្រាក់របស់ខ្លួននៅថ្ងៃទី២២ ខែមីនា ខណៈពេលដែលសេដ្ឋវិទូនៅក្រុមហ៊ុន JP Morgan និងក្រុមហ៊ុន Oxford Economics មើលឃើញថា ការបោះឆ្នោតរបស់ FOMC ដើម្បីដំឡើងអត្រាការប្រាក់ ០,២៥ភាគរយទៀតមានកាន់តែតូចទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕