(ញូវយ៉ក)៖ នាយកប្រតិបត្តិធនាគារ Silicon Valley Bridge Bank នៅថ្ងៃអង្គារសប្តាហ៍នេះបានជំរុញឱ្យអ្នកដាក់ប្រាក់បញ្ញើដែលបានដកប្រាក់ចេញពីធនាគារនេះឱ្យវិលត្រលប់មកដាក់ប្រាក់បញ្ជើវិញ ខណៈដែលធនាគារធំៗទទួលបានលំហូរចូលមូលនិធិច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ធនាគារ Silicon Valley Bridge Bank ត្រូវបានបង្កើតឡើងដោយនិយតករសហរដ្ឋអាមេរិកដើម្បីបន្តតំណែងពីធនាគារ Silicon Valley Bank (SVB) បន្ទាប់ពីធនាគារនេះបានដួលរលំ។ធនាគារ SVB ដែលជាធនាគារផ្តោតសំខាន់លើការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មបង្កើតថ្មីនៅទូទាំងសហរដ្ឋអាមេរិកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកនោះ បានដួលរលំបន្ទាប់ពីការដកប្រាក់បញ្ញើចេញភ្លាមៗពីសំណាក់អ្នកដាក់ប្រាក់បញ្ញើ ដែលជំរុញឱ្យនិយតករចូលមកគ្រប់គ្រងធនាគារនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីនាយកប្រតិបត្តិរបស់ធនាគារថ្មីនេះគឺលោក Tim Mayopoulos ខណៈបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រឿងសំខាន់មួយដែលអ្នកអាចធ្វើបានដើម្បីគាំទ្រអនាគតរបស់ស្ថាប័ននេះគឺជួយយើងកសាងមូលដ្ឋានប្រាក់បញ្ញើរបស់យើងឡើងវិញទាំងការទុកដាក់ប្រាក់បញ្ញើជាមួយធនាគារ Silicon Valley Bridge Bank និងផ្ទេរប្រាក់បញ្ញើដែលបានសេសសល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រលប់មកវិញ»

លោកបានបន្ថែមថា៖ «យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីកសាងឡើងវិញ ទទួលបានទំនុកចិត្តរបស់អ្នកមកវិញ និងបន្តគាំទ្រសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍»

សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) បាននិយាយថា ខ្លួននឹងធានាដល់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ SVB ទាំងអស់ រួមទាំងបរិមាណប្រាក់បញ្ញើដែលលើសពីចំនួនកំណត់ធម្មតាដែលមានចំនួន ២៥ម៉ឺនដុល្លារសម្រាប់ការការពាររបស់ FDIC ទៀតផង។

លោក Mayopoulos បានមានប្រសាសន៍ថា៖ «យើងកំពុងបង្កើតប្រាក់កម្ចីថ្មី និងផ្តល់សេវាពេញលេញសម្រាប់ប្រភេទឥណទានដែលមានស្រាប់»

ក្រោយពីការដួលរលំរបស់ធនាគារ SVB កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាការបរាជ័យរបស់ធនាគារអាមេរិកដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៨ កាលពីថ្ងៃពុធក៏មានការជម្រះបញ្ជីធនាគារ Silvergate ដែលជាស្ថាប័នក្នុងតំបន់តូចមួយដែលផ្តោតលើសហគមន៍រូបិយប័ណ្ណគ្រីបតូ។ ក្រោយមកកាលពីថ្ងៃអាទិត្យកន្លងទៅនេះ អាជ្ញាធរអាមេរិកក៏បានបិទធនាគារ Signature Bank ដែលជាធនាគារធំជាងគេទី២១ នៅអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕