(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំទិវាប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ (២០ ខែមីនា ១៩៨០ - ២០ ខែមីនា ២០២៣)។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរក្សាបានលំនឹងនៃការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំការយល់ដឹងពី ការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋមានការកើនឡើង។

ថ្លែងក្នុងកម្មវិធីទិវាប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ រៀបចំឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) លោកស្រី ជា សិរី បានថ្លែងថា «បច្ចុប្បន្ននេះការប្រើប្រាស់ប្រាក់រៀល មានការកើនឡើងជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្ដែមិនកើនឡើងខ្លាំងក្លានោះទេ ប៉ុន្ដែធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យ ក្នុងការរក្សាបានសមាមាត្រនៃការប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារនៅកម្ពុជារហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្ដីយើងនៅតែទាមទារ ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពីដៃគូពាក់ព័ន្ធពិសេសគឺការចូលរួមចំណែក ពីសាធារណៈជនក្នុងការប្រើប្រាស់ប្រាក់រៀល»

លោកស្រី ជា សិរី បានបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះធនាគារជាតិនៃកម្ពុជា រៀបចំទិវាប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ រៀបចំឡើងក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) ចំពោះការជ្រើសរើសទីតាំងផ្សារទំនើបនេះ គឺជាយុទ្ធសាស្រ្ដមួយក្នុងការបញ្រ្ចប់ចំណេះដឹងដល់យុវវ័យព្រោះថា ភាគច្រើនយុវវ័យ យុវជនចូលចិត្ដដំណើរកំសាន្ដច្រើន ដូច្នេះការជ្រើសរើសទីតាំងនេះ ដើម្បីទាក់ទាញយុវជនកាន់តែខ្លាំងលើការប្រើប្រាស់រូបបិវត្ថុជាតិ និងយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល។

លោកស្រីបានបញ្ជាក់ថា ឧបសគ្គនៃការប្រើប្រាស់ប្រាក់រៀលនៅតែមាន ដោយសារតែផ្នត់គំនិតចាស់ៗរបស់ប្រជាពលរដ្ឋ បារម្ភលើបញ្ហានៃការអស្ថេរភាព ដែលធ្វើឲ្យពលរដ្ឋងាកទៅសន្សំ និងចាយប្រាក់បរទេស។ សម្រាប់ប្រទេសកម្ពុជាអត្រាប្ដូរប្រាក់ ត្រូវបានរក្សាបានយ៉ាងល្អ ទោះបីស្ថិតក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ហើយថ្មីៗនេះឃើញថា រូបបិយបណ្ណបរទេសបានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារ ប៉ុន្ដែចំពោះលុយរៀលយើងវិញ នៅតែក្សារបានស្ថេរភាពល្អ។

លោកស្រីបញ្ជាក់ថា ប្រាក់រៀលនៅតែរក្សាបានស្ថេរភាពល្អ តែទោះជាយ៉ាងនេះក្ដីផ្នត់គំនិតរបស់ប្រជាពលរដ្ឋនៅតែគិតថា ការប្រើប្រាស់គិតជាដុល្លារមានភាពងាយស្រួលជាងប្រាក់រៀល ហើយមានមតិខ្លះបានលើកឡើងពីបញ្ហានៃការពិបាក ក្នុងការគិតប្រាក់ជាប្រាក់រៀល ដែលធ្វើឲ្យការប្រើប្រាស់ប្រាក់រៀល សូមបញ្ជាក់បច្ចុប្បន្ននេះការទូរទាត់ និងប្រើប្រាស់ប្រាក់រៀលលែងពិបាកហើយ ដោយសារតែយើងមានឧបករណ៍ទូរទាត់អេឡិចត្រូនិក៕