(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានដាក់ដំណើរការកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២ ដើម្បីបណ្តុះគំនិត ​និងតម្រង់ទិស ​ឱ្យយុវជន ឬម្ចាស់អាជីវកម្មវ័យក្មេង ​ដើម្បីឱ្យគេមានលទ្ធភាពឈានទៅបង្កើត ក្រុមហ៊ុន Start up ក្នុងរយៈពេលខ្លី។

ក្នុង​ពិធីសម្ពោធ «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា កម្មវិធីនេះនឹងជួយតម្រង់ទិស ​ដល់យុវជន ដែលមានគំនិតបង្កើតអាជីវកម្ម Start up ​ឱ្យមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការបង្កើត ក្រុមហ៊ុន Start up ​នាពេលខាងមុខ ដោយពួកគេអាចរៀនពីវិធីបង្កើត Start up និងរៀនវិធីដែលធ្វើឱ្យអាជីវកម្មរបស់ខ្លួនដំណើការ កាន់តែជោគជ័យ​ តាមរយៈការបង្កើតផលិតផលមួយតូច សាកល្បងនៅក្នុងទីផ្សារ នៅពេលដែលផ្សារចាប់អារម្មណ៍ផលិតផល ឬសេវាកម្មរបស់ពួកគេ នោះនឹងជំរុញឱ្យពួកគេអាចចាប់ផ្តើមពង្រីកអាជីវកម្ម​កាន់តែធំទូលំទូលាយ។ ​

លោកបន្តថា «បើយើងមើលពីនិន្នាការយុវជនវ័យក្មេង ដែលគាត់ចាប់ផ្តើមចេញពីសាកលវិទ្យាល័យ គាត់អាចចេញទៅធ្វើការនៅក្រុមហ៊ុនមួយរយៈពេល និងចេញមកបង្កើតអាជីវកម្ម ហើយអ្នកខ្លះគាត់ចង់បង្កើតជាក្រុមហ៊ុន Start up នេះតែម្តង ។​ សរុបមកយើងរៀបចំកម្មវិធីនេះ ដើម្បីជួយជំរុញការកសាងនូវសហគ្រិនភាព កសាងនូវនវានុវត្តន៍នៅក្នុងប្រទេសយើងឱ្យកាន់តែច្រើន ដើម្បីរកឱ្យឃើញនូវយុវជនដែលមានសក្តានុពល អាចមានលទ្ធភាពក្នុងការបង្កើតក្រុមហ៊ុនដែលជោគជ័យ។ មែនទែន​ជារដ្ឋាភិបាលយើងនឹងសប្បាយចិត្ត និងបន្តគាំទ្របែបនេះរហូត។ ដរាបណាមានក្រុមហ៊ុនកាន់តែច្រើន ពួកគាត់នឹងជួយដល់សកម្មភាពសេដ្ឋកិច្ច អាជីវកម្មសង្គមដូចគ្នាដែរ ហេតុនេះរដ្ឋាភិបាលក៏នឹងទទួលផលត្រឡប់មកវិញដែរ»

លោកបានឱ្យដឹងថា ភាគច្រើនអ្នកដែលចូលរួមកម្មវិធីនេះ គឺជាក្រុមយុវជនដែលមានគំនិតអាជីវកម្ម Start up និងមិនទាន់បង្កើតជាក្រុមហ៊ុននៅឡើយទេ។ ហើយរយៈពេល៤ខែ ដែលពួកគេចូលរួមជាមួយកម្មវិធីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងបណ្តុះបណ្តាល ​គាំទ្រថវិកា និងលើកទឹកចិត្ត​ឱ្យពួកគេចុះបញ្ជីជាក្រុមហ៊ុន។

​លោកថា ការចុះបញ្ជីជាក្រុមហ៊ុន នឹងធ្វើឱ្យពួកគេដំណើរការអាជីវកម្មដោយស្របច្បាប់ ​អាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនដទៃ និងមានភាពងាយស្រួលក្នុងការទទួលបានទុន ឬកម្ចីពីធនាគារ​សម្រាប់ការវិនិយោគផងដែរ។

លោកមានប្រសាសន៍បន្តថា មកទល់បច្ចុប្បន្ននេះ ក្រុមធុរកិច្ចថ្មី ដែលបានចូលរួមជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានប្រមាណ១០ក្រុម​ ដែលបានទៅចុះបញ្ជី ​បង្កើតជាក្រុមហ៊ុនស្របច្បាប់​ និងអាចបន្តសកម្មភាពអាជីវកម្មរហូតមកដល់បច្ចុប្បន្ននេះ។

បើតាមបណ្ឌិត តាំង ងួនលី ការបង្កើតក្រុមហ៊ុន Start up ងាយស្រួលបង្កើត ប៉ុន្តែស្ទើតែ៩០%បានដួលទៅវិញ។ ត្រង់ចំណុចនេះ លោកលើកទឹកឱ្យក្រុមធុរកិច្ចថ្មី កុំបាក់ទឹក រៀនពីបទពិសោធបរាជ័យ​ និងបង្កើតក្រុមហ៊ុនថ្មី ​ដែលអាចនឹងធ្វើឱ្យពួកគេជោគជ័យផងដែរ។

លោកមានប្រសាសន៍បន្តថា «បើគាត់មិនជោគជ័យក្នុងដំណាក់កាលដំបូង ក៏គាត់អាចដឹងពីរបៀបនៃការធ្វើអាជីវកម្ម Start up និងដកបទពិសោធបរាជ័យនេះ និងបង្កើតបន្តទៀត ព្រោះថា ការបង្កើតក្រុមហ៊ុន Start up កម្រនឹងមានភាពជោគជ័យដំណាក់កាលលើកទី១​ណាស់ គឺទាមទារឱ្យមានការព្យាយាមបង្កើតម្តងហើយម្តងទៀត​ ដែលអាចធ្វើឱ្យពួកគេទទួលបានជោគជ័យទៅលើការបង្កើតក្រុមហ៊ុន Start up លើកទី៤ ឬលើកទី៥»

លោកស្រី ធាម រមណីយ នាយកាទំនាក់ទំនងគូភាគី-​ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA បានឱ្យដឹងថា តាមរយៈកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ធនាគារ ABA នឹងចូលរួមផ្តល់ជាចំណេះជំនាញដល់ក្រុមធុរកិច្ចថ្មី (Start up) ​ឱ្យពួកគេមានបំនិនកាន់តែខ្ពស់ ​ក្នុងការធ្វើអាជីវកម្មបែបឌីជីថល និងផ្តល់ភាពងាយស្រួលដល់សហគ្រិនទាំងនោះ ក្នុងការទទួលទុន ឬកម្ចីដំណើរការអាជីវកម្ម៕