(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដលើកទឹកចិត្ត និងប្រកាសស្វាគមន៍ជានិច្ច ដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ជាមួយការវិនិយោគដោយទំនុកចិត្ត។

ការលើកឡើងរបស់លោក ឈួន ដារ៉ា ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន រៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីវិនិយោគិនចិន និងកម្ពុជា។

លោកបានថ្លែងថា «សូមប្រកាសស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ឲ្យមកប្រកបអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។ នៅកម្ពុជាសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ពិសេសគឺកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ និងស្ថិរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។

លោកបានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តថា សូមស្វែងយល់ធ្វើការរកស៊ីដាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ពិតជាមិនខុសនោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ​ ហើយកម្ពុជាស្ថិតក្នុងប្រទេស ដែលទទួលបានការអនុគ្រោះពន្ធផងដែរ»

លោកបានបន្ថែមថា ក្រៅពីនោះកម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកិចសម្រួលពាណិជ្ជកម្ម ដែលធ្វើឲ្យអ្នករកស៊ីមករកស៊ីនៅកម្ពុជាបានស្រួល តាមរយៈការអនុគ្រោះពន្ធសម្រាប់អ្នកវិនិយោគ និងកត្តាបន្ទាប់បន្សំផ្សេៗទៀត។ កម្ពុជាក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗ សម្រាប់វិនិយោគអាជីវកម្មមានដូចជា ទីក្រុងភ្នំពេញ, ក្រុងព្រះសីហនុ, សៀមរាប និងប៉ូលសំខាន់ៗជាច្រើនទៀត ដែលអំណោយផលលើវិស័យទាំងកសិកម្មផងដែរ។

លោកបានបន្ដថា ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក ជាសមាជិកអាស៊ាន ជាភាគីនៃកិច្ចព្រមព្រៀងអាសិប (RCEP) និងថ្មីៗនេះ ជាភាគីហត្ថលេខីនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ខណៈកម្ពុជាបាននិងកំពុងបន្តពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូផ្សេងទៀត ហើយអាចនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយអេមីរ៉ាត់អារ៉ាប់ក្នុងពេលឆាប់ៗនេះ។

លោកបន្តថា «ខ្ញុំសូមអំពាវនាវ ដល់ពាណិជ្ជករវិនិយោគិនទាំងអស់ ត្រូវសម្រេចចិត្តធ្វើការវិនិយោគឱ្យទាន់ពេល ដើម្បីទទួលយកអត្ថប្រយោជន៍ពីទីផ្សារ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ ក្នុងបរិយាកាសអំណោយផល»

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅប្រទេសចិន បានជាង ១ ៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។

បន្ថែមពីនេះទៀត កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មមានដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៩ទីតាំងនៅតាមទីក្រុងធំៗ មួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន៕