(ប៉េកាំង)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឱ្យដឹងថា ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង ហើយបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត ទោះបីជាវិធានការដែលធ្វើឡើងដោយប្រទេសរីកចម្រើនបានរម្ងាប់ភាពតានតឹងរបស់ទីផ្សារក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អគ្គនាយកមូលនិធិ IMF បានរំលឹកឡើងវិញនូវទស្សនៈរបស់លោកស្រីថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះមកនៅខាងក្រោម ៣ភាគរយដោយសារផលវិបាកពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

លោកស្រីបានថ្លែងនៅឯវេទិកាអភិវឌ្ឍន៍ចិនថា ទោះបីជាមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ក៏ដោយ ក៏កំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែទាបជាងកម្រិតមធ្យមប្រវត្តិសាស្រ្តរបស់ខ្លួនដែលមាន ៣,៨ភាគរយ ហើយចក្ខុវិស័យទាំងមូលនៅតែខ្សោយ។

មូលនិធិ IMF ដែលបានព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកចំនួន ២,៩ភាគរយនៅឆ្នាំនេះ គ្រោងនឹងចេញផ្សាយការព្យាករថ្មីនៅខែក្រោយ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកស្រី Georgieva បានបន្ថែមថា អ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះហានិភ័យស្ថិរភាពហិរញ្ញវត្ថុបន្ទាប់ពីមានការដួលរលំធនាគារ ប៉ុន្តែចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន។

លោកស្រីមានប្រសាសន៍ថា៖ «ដូច្នេះយើងបន្តតាមដានការអភិវឌ្ឍយ៉ាងដិតដល់ និងកំពុងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពហិរញ្ញវត្ថុសកល»។ លោកស្រីបន្ថែមថា មូលនិធិ IMF កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសដែលងាយរងគ្រោះបំផុត ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាបដែលមានកម្រិតបំណុលខ្ពស់៕