(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានអំពាវនាវដល់មហាជន សូមជួយវិនិយោគលើផ្សារមូលបត្រកម្ពុជា ឲ្យមានការជួយដូរប្រចាំថ្ងៃ ក្នុងទំហំ ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣នេះ។

ការអំពាវនាវរបស់លោកអគ្គនាយក បានធ្វើឡើងក្នុងពិព័រណ៍ភាគហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៉ីអនម៉ល សែនសុខ។

លោក ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជួយចូលរួមគាំទ្រ ដើម្បីឲ្យទីផ្សារមួយនេះរីកចម្រើន។ មកវិនិយោគ ក្នុងទីផ្សារហ៊ុនបានចំណេញសម្រាប់ខ្លួនឯង ហើយបានរួមចំណែកអភិវឌ្ឍប្រទេសជាតិទៀត គឺជួយឲ្យផ្សារហ៊ុនដំណើរការ ជួយវិស័យឯកជនដំណើរការ សេដ្ឋកិច្ចរបស់យើងមានកំណើនកាន់តែខ្ពស់ដែរ។ កុំយកលុយទៅកប់ចោល ១០០ភាគរយ ក្នុងវិស័យអចលនទ្រព្យ»

លោកបន្តថា នៅសហរដ្ឋអាមេរិក មានការចរាចរលើផ្សារមូលបត្រក្នុងទំហំទឹកប្រាក់ ទ្រីលានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ។ នេះក៏ព្រោះតែមានការចូលរួមពីមហាជន ហើយវិស័យមូលបត្ររីកចម្រើន ក៏ធ្វើឲ្យសេដ្ឋកិច្ចប្រទេសរីកចម្រើនដែរ។

បើតាមលោក ហុង សុហួរ នៅឆ្នាំ២០២៣នេះ រៀងរាល់ខែមានអ្នកបើកគណនីជួញដូរជាប្រចាំ ១០០០នាក់ សម្រាប់ប៉ុន្មានខែនេះ នៅលើផ្សារមូលបត្រកម្ពុជា។ ជាមួយគ្នានេះ អ្នកទិញលក់ប្រចាំថ្ងៃក៏កាន់តែសកម្ម ខណៈអ្នកបើកគណនីជួញដូរហើយទុកចោលច្រើនណាស់ ហើយក្នុងមួយថ្ងៃមានអ្នកដាក់បញ្ជីជួញដូរមិនដល់ ១០០នាក់ផងក្នុងមួយថ្ងៃៗ កាលពីមុន។

ប៉ុន្តែ លោកអះអាងថា ដើមឆ្នាំ២០២៣នេះ អ្នកដាក់បញ្ជីជួញដូរជាមធ្យមប្រចាំថ្ងៃ ៣០០០នាក់។ អញ្ចឹងកើនឡើង ៣០ដង បើធៀបនឹង ២០១៧ ទំហំជួញដូរកើនឡើង ៣០ដង។ ហេតុនេះ បានជាផ្សារមូលបត្រកម្ពុជា ដាក់ក្តីស្រម៉ៃថា ចង់បានទំហំជួញដូរ ១០០លានដុល្លារ ជាមធ្យមក្នុងមួយថ្ងៃៗ នៅឆ្នាំ២០៣០។

សូមជម្រាបថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ដោយឃើញពីសន្ទុះនៃការរីកចម្រើន និងមានការវិវឌ្ឍទៅមុខឥតឈប់ឈរចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាបានរៀបចំក្រុមហ៊ុនរួចជាស្រេចដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យរបស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាពរបស់ក្រុមហ៊ុនក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រនៅកម្ពុជា។

បន្ទាប់ពីនិយ័តករមូលបត្រកម្ពុ បានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។

សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជាពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ៕