(កាហ្សាក់ស្ថាន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៦ នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាកស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ក្រោមប្រធានបទ ស្តីពី «គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ និង​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធ​៖​ វិធីសាស្ត្រ​ និង​គំរូនៃ​ប្រតិបត្តិការ​»។

ជាមួយគ្នានេះដែរ ធនាគារ ARDB ក៏ទទួលបានកិត្តិយស និងសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) ប្រចាំឆ្នាំលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងមានការចូលរួមពីសមាជិកទាំង៤១ ប្រទេស មកពីជាង៩០ស្ថាប័ន។

ស្របពេលជាមួយគ្នានេះផងដែរ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានទទួល «ពានរង្វាន់សម្រាប់ការអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ (Development Awards 2023)» ក្រោមការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល លើការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើទី៤៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។

ពានរង្វាន់សម្រាប់ការអភិវឌ្ឍន៍នេះ គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអនុវត្តគម្រោងនានា ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជនបទ ក៏ដូចជាការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចិរភាព៕