(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលគ្រោងដាក់ដំណើរការសាកល្បង នៅពាក់កណ្តាលឆ្នាំ២០២៣នេះ អាចត្រូវពន្យារបន្តទៀត ដោយសារក្រុមហ៊ុនវិនិយោគ ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្តហោះតារាសាគរ អាចពន្យារបន្តទៀត ដោយមិនមានការកំណត់ ខណៈក្រុមហ៊ុនវិនិយោគ ត្រូវការពេលវេលាបន្ថែម ដើម្បីដោះស្រាយការងារ ដែលនៅសេសសល់»

លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគនឹងខិតខំបញ្ចប់គម្រោង អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ ប៉ុន្ដែត្រូវការពេលវេលាបន្ថែម ដោយសារក្រោយវិបត្ដិកូវីដ-១៩ មានផលប៉ះពាល់ទៅលើសកម្មភាពក្រុមហ៊ុន, ផ្នែកហរិញ្ញវត្ថុ និងផ្នែកសេដ្ឋកិច្ច។

​អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ការងារសាងសង់រួមសម្រេចបានជាង ៩០.៥ភាគរយ នៃការងារសរុបដោយចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់អស់ចំនួន១៨០លានដុល្លារ (គម្រោងវិនិយោគសរុប ២០០លានដុល្លារ)៕