(បាត់ដំបង)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ខណៈដែលសហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ទាំងលើទិដ្ឋភាពនៃការបង្កើតការងារ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកបានឱ្យដឹងថា ជាក់ស្ដែងគិតត្រឹមខែមេសា ឆ្នាំ២០២៣, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានធ្វើប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ លើទំហំទឹកប្រាក់សរុបចំនួន ៦២.៤លានដុល្លារ ទៅសហគ្រាសធុនតូច និងមធ្យមចំនួន ២៧៥សហគ្រាស ក្នុងនោះសហគ្រាសដែលមានសហគ្រិនជាស្រ្តីមានចំនួន ៧៥សហគ្រាស។

លោក ផាន់ ផល្លា បានបន្តថា គិតត្រឹមរយៈពេលដូចគ្នាក្នុងក្របខ័ណ្ឌនៃកម្មវិធីសហហិរញ្ញប្បទាន, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងការផ្តល់ឥណទានលើទំហំទឹកប្រាក់ចំនួន ១៤៨លានដុល្លារ ទៅសហគ្រាសសរុបចំនួន ២,៩៦៧ ដែលក្នុងនោះសហគ្រាសដែលមានសហគ្រិនជាស្រ្តីមានចំនួន ៧៣៩សហគ្រាស។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាខាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ផាន់ ផល្លា បានបញ្ជាក់ថា៖ «ក្នុងឆ្នាំ២០១៩ សហគ្រាសធុនតូច និងមធ្យម មានចំណែកជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ដែលបានបង្កើតនៅកម្ពុជា និងបានផ្ដល់ការងារជូនប្រជាជនប្រមាណ៧០ភាគរយ នៃចំនួនការងារសរុប។ ជាមួយគ្នានេះសហគ្រាសធុនតូច និងមធ្យមបានរួមចំណែកប្រមាណ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប»

មន្ត្រីជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានផ្ដួចផ្ដើមបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានេះឡើងបានទាន់ពេលវេលាដែលនៅក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ១៩ ធនាគារគោលនយោបាយមួយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យមដើម្បីរក្សាលំនឹងអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងឱ្យដឹងថា ធនាការសម្រេចជ្រើសរើសទីតាំងខេត្តបាត់ដំបងសម្រាប់ធ្វើជាសាខាទី១ ដោយសារខេត្តបាត់ដំបង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសកម្មភាពសេដ្ឋកិច្ចចម្បងៗដូចជា៖ពាណិជ្ជកម្ម,ទេសចរណ៍, កសិកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមរួមមាន៖អាជីវកម្មកែច្នៃកសិផល សិប្បកម្ម និងផលិតកម្ម។

លោកបណ្ឌិត លឹម អូន បញ្ជាក់បន្ថែមថា ធនាគារសហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងកាលពីឆ្នាំ២០២០ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារមានបេសកកម្មផ្ដល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ការបើកឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យមសាខាខេត្តបាត់ដំបងនឹងកាន់តែផ្ដល់ភាពងាយស្រួលបន្ថែមដល់អតិថិជន ជាពិសេសបងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ រោងសិប្បកម្ម និងម្ចាស់សហគ្រាសផ្សេងទៀតដែលប្រកបរបរក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តមានភាពងាយស្រួល និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកប្រភពទុនសម្រាប់ពង្រីកមុខរបរ៕