(កូឡុំបូ)៖ ការិយាល័យប្រធានាធិបតីបានឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុន Sinopec បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីចូលវិនិយោគក្នុងទីផ្សារប្រេងឥន្ធនៈលក់រាយរបស់ប្រទេសស្រីលង្កា ខណៈដែលប្រទេសដែលមានវិបត្តិមួយនេះព្យាយាមកាត់បន្ថយសម្ពាធលើប្រាក់បម្រុងជារូបិយប័ណ្ណដុល្លារដ៏តិចតួចរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុនចិន Sinopec នឹងត្រូវបានផ្តល់អាជ្ញាប័ណ្ណរយៈពេល ២០ឆ្នាំ ដើម្បីដំណើរការស្ថានីយប្រេងឥន្ធនៈចំនួន ១៥០ទីតាំង ហើយនឹងអាចវិនិយោគលើស្ថានីយ៍ប្រេងឥន្ធនៈថ្មីចំនួន ៥០ថែមទៀតផងដែរ។

សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីស្រីលង្ហាថា ក្រុមហ៊ុន Sinopec អាចចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេល ៤៥ថ្ងៃបន្ទាប់ពីការចេញអាជ្ញាប័ណ្ណ។

ប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនគិតចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨មក ដោយមានប្រាក់បម្រុងរូបិយប័ណ្ណបរទេសចំនួនតែ ២,៧ពាន់លានដុល្លារប៉ុណ្ណោះនៅដំណាច់ខែមេសា។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា ឥឡូវនេះ ក្រុមហ៊ុន Sinopec អាចនាំចូលប្រេងឥន្ធនៈដោយមិនពឹងផ្អែកលើប្រាក់ដុល្លាររបស់ធនាគារក្នុងស្រុករបស់ប្រទេសស្រីលង្កាឡើយ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖ «ការវិវឌ្ឍនេះនាំមកនូវក្តីសង្ឃឹមសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្ថិរភាព និងអាចទុកចិត្តបាន ជំរុញវិស័យថាមពលរបស់ប្រទេស និងផ្តល់ការធានាដល់អ្នកប្រើប្រាស់»

ក្រុមហ៊ុន United Petroleum របស់ប្រទេសអូស្ត្រាលី និងក្រុមហ៊ុនអាមេរិក RM Parks សហការជាមួយក្រុមហ៊ុន Shell កាលពីខែមីនាក៏ទទួលបានការយល់ព្រមពីគណៈរដ្ឋមន្ត្រីស្រីលង្កាផងដែរ ដើម្បីវិនិយោគលើទីផ្សារលក់រាយប្រេងឥន្ធនៈរបស់ប្រទេសដីកោះនេះ។

ការអនុម័តនេះបានបញ្ចប់ការធ្វើទីផ្សារផ្តាច់មុខរបស់ក្រុមហ៊ុនរដ្ឋស្រីលង្កា Ceylon Petroleum Corp និងក្រុមហ៊ុន Lanka IOC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Indian Oil Corp។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕