(បាងកក)៖ រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីម្សិលមិញថា ការនាំចេញអង្ករបានកើនឡើងដល់ ២,៧៩ លានតោនក្នុងរយៈពេលចាប់ពីខែមករាដល់ខែមេសា ដោយបរិមាណនាំចេញសម្រាប់រយៈពេលពេញមួយឆ្នាំត្រូវបានព្យាករថានឹងមានលើសពី ៨លានតោន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Anucha Burapachaisri អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា មានការភ្ញាក់ផ្អើលចំពោះតួលេខនេះ ដែលមានតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក (៥១,២ពាន់លានបាត) កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Anucha បានបន្ថែមថា នាយករដ្ឋមន្ត្រីថៃបានណែនាំដល់ភ្នាក់ងាររដ្ឋនានាឱ្យធ្វើការយ៉ាងសកម្ម ដើម្បីបង្កើនការនាំចេញអង្ករបន្ថែមទៀត និងបង្កើនផលិតកម្មដំណាំ ខណៈពេលដែលជំរុញឱ្យតម្លៃស្រូវនៅទីផ្សារបរទេសមានកម្រិតខ្ពស់។

លោកបានបន្តថា ការនាំចេញអង្ករថៃត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ទាប់ពីមានកំណើនតម្រូវការក្នុងប្រទេសជាច្រើន។

បច្ចុប្បន្ន ថៃជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។ ក្នុងខែមេសា ការឡើងថ្លៃអង្ករបានកើតមានឡើងដោយសារស្ថិរភាពថ្លៃប្រាក់បាត ដែលបានរក្សាការប្រកួតប្រជែងការនាំចេញអង្ករនៅក្នុងទីផ្សារបរទេស។

ជាលទ្ធផល តម្លៃប្រភេទអង្ករភាគច្រើនឡើងថ្លៃហួសពីការធានាតម្លៃរបស់រដ្ឋាភិបាល។ ឥឡូវនេះ ក្រសួងកសិកម្ម និងសហករណ៍បានព្យាករថា ការនាំចេញអង្ករនឹងលើសពីគោលដៅប្រចាំឆ្នាំ។

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) របស់ប្រទេសថៃព្យាករថា ការនាំចេញនឹងកើនឡើងដល់ ៨ លានតោន ធៀបនឹង ៧,៦៩លានតោនដែលបាននាំចេញក្នុងឆ្នាំ២០២២។

យោងតាមលោក Anucha បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ការនាំចេញអង្ករមានចំនួន ៣,០៥លានតោន ហើយការបញ្ជាទិញអង្ករថៃពីក្រៅប្រទេសនៅតែបន្តកើនឡើង។

ទីផ្សារសំខាន់ៗសម្រាប់អង្ករថៃរួមមាន ប្រទេសអ៊ីរ៉ាក់ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្កាល់ បង់ក្លាដែស ចិន ជប៉ុន កាមេរូន និងម៉ូសំប៊ិក។ ប្រទេសថៃភាគច្រើននាំចេញអង្ករសច្រើនជាងគេ បន្ទាប់មកគឺអង្ករផ្កាម្លិះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕