(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានសភាអាមេរិកលោក Kevin McCarthy មិនអាចឈានដល់ការព្រមព្រៀងណាមួយស្តីពីរបៀបដំឡើងពិដានបំណុលចំនួន ៣១,៤ ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិកឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការពិភាក្សានេះបានធ្វើឡើង ខណៈពេលដែលសហរដ្ឋអាមេរិកនៅសល់ពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះនឹងអាចដល់ពេលបរាជ័យក្នុងការសងបំណុល ដែលអាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ។ ទោះជាយ៉ាងណា មេដឹកនាំទាំងពីរបានប្តេជ្ញាថានឹងបន្តជជែកគ្នាទៀតដើម្បីស្វែងរកចំណុចរួមគ្នាណាមួយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងសមាជិកសភាកំពូលនៃគណបក្សសាធារណរដ្ឋបានតស៊ូក្នុងការធ្វើឱ្យមានការវិវឌ្ឍទៅមុខសម្រាប់កិច្ចព្រមព្រៀងមួយ ខណៈលោក McCarthy បានដាក់សម្ពាធលើសេតវិមានឱ្យយល់ព្រមកាត់បន្ថយចំណាយថវិការបស់រដ្ឋាភិបាលសហព័ន្ធដែលលោក Biden ចាត់ទុកថាជាជាការទាមទារ «ជ្រុល» ហើយលោកប្រធានាធិបតីជំរុញឱ្យមានការដកហូតពន្ធថ្មីៗលើអ្នកមានដែលគណបក្សសាធារណរដ្ឋបដិសេធ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវចាំបាច់ជៀសវាងការបរាជ័យសងបំណុល ដោយត្រូវសម្រេចឱ្យបានកិច្ចព្រមព្រៀងទ្វេភាគីមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីល្ងាចថ្ងៃចន្ទ ហើយបានបង្ហាញថា ពួកគេនឹងជជែកគ្នាជាប្រចាំក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពមួយដែលដឹងពីស្ថានការណ៍នេះថា ក្រុមអ្នកចរចារបស់សេតវិមានកំពុងវិលត្រលប់ទៅវិមានកាពីតូលវិញនៅយប់ថ្ងៃចន្ទ ដើម្បីបន្តការចរចាឡើងវិញ។

លោក Biden បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលលោកបានហៅថា «ទទួលបានផ្លែផ្កា» ថា៖ «យើងបាននិយាយម្តងហើយម្តងទៀតថា ការបរាជ័យសងបំណុលគឺនៅក្រៅតុចរចា ហើយមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅមុខគឺការដើរឆ្ពោះទៅរកកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់មួយ»

លោក McCarthy បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាងមួយម៉ោងជាមួយលោក Biden ថា ក្រុមអ្នកចរចានឹង «ធ្វើដំណើរជាមួយគ្នា ធ្វើការពេញមួយយប់» ដើម្បីព្យាយាមស្វែងរកចំណុចរួមមួយ។ លោក McCarthy បានបន្ថែមថា៖ «ខ្ញុំជឿថា យើងនៅតែអាចទៅដល់ទីនោះ»

លោក McCarthy បានបន្ថែមថា លោកមិនមានឆន្ទៈពិចារណាលើផែនការរបស់លោក Biden ក្នុងការកាត់បន្ថយឱនភាពតាមរយៈការដំឡើងពន្ធលើអ្នកមាន និងបិទបញ្ចប់ភាពចន្លោះប្រហោងផ្នែកពន្ធសម្រាប់ឧស្សាហកម្មប្រេង និងឱសថនោះទេ ហើយលោកផ្តោតលើការកាត់បន្ថយការចំណាយនៅក្នុងថវិការបស់រដ្ឋាភិបាលសហព័ន្ធនៅឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕