(ហ៊ីរ៉ូស៊ីម៉ា)៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសជាសមាជិកនៃក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) នឹងធានាថា ការវិនិយោគធំៗនៅក្នុងប្រទេសចិននឹងនៅតែបន្តធ្វើឡើង ទោះបីជាពួកគេចង់កាត់ផ្តាច់ការប្រឈមនឹងហានិភ័យចំពោះប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមមេដឹកនាំក្រុមប្រទេស G7 កំពុងបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ជាទីកន្លែងដែលពួកគេបានបញ្ជូនសញ្ញាទៅកាន់ប្រទេសចិនអំពីអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីបញ្ហាឧបករណ៍អេឡិចត្រូនិករហូតដល់ «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» និងការអនុវត្តការផ្តល់ប្រាក់កម្ចី។

ប៉ុន្តែបើទោះបីជាមេដឹកនាំទាំងនេះបានព្រមព្រៀងគ្នាកាត់បន្ថយហានិភ័យដែលប្រឈមទៅនឹងប្រទេសចិនក្ដី ក៏ពួកគេបាននិយាយថា ពួកខ្លួននឹងមិន «កាត់ផ្តាច់ខ្លួនចេញ» ពីប្រទេសចិនឡើយ។

ថ្លែងទៅកាន់ទូរទស្សន៍អាឡឺម៉ង់ ZDF នៅក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក Scholz បានថ្លែងថា ការវិនិយោគធំៗនឹងនៅតែបន្តធ្វើឡើង ហើយខ្សែសង្វាក់ផ្គត់ផ្គង់ និងការនាំចេញទៅកាន់ប្រទេសចិនក៏នឹងនៅតែធ្វើឡើងផងដែរ។

លោកបានបន្ថែមថា ខណៈពេលដែលប្រទេសនានាចង់ដាក់កម្រិតការប្រឈមមុខនឹងហានិភ័យរបស់ពួកគេចំពោះប្រទេសចិន គ្មាននរណាម្នាក់ចាប់អារម្មណ៍ក្នុងការទប់ស្កាត់កំណើននៅក្នុងប្រទេសចិននោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕