(ទីក្រុងស៊្សូរីជ)៖ ភាគីកម្ពុជា បានស្នើដល់ភាគីស្វីស ជួយជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើម ឆ្នាំ២០២៥។

សំណើនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសម្តែងការគួសមជាមួយលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ដើម្បីជាការចូលរួមចំណែក ដល់ការសម្រេចគោលបំណង ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់ (MOU) បន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា និងចូលជាធរមានរួចហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧។

ដោយអនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរ និងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយ អាចចុះចត និងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។

ក្នុងឱកាសនោះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) ដើម្បីស្វែងយល់អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិភាក្សាអំពីលទ្ធភាព ដែលអាចទាក់ទាញនៃការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរបាន នៅដើមឆ្នាំ២០២៥ខាងមុខ។

ចំណែកភាគីស្វីស ក៏បានអញ្ជើញលោកស្រី Mrs. Roza Sikon អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) ដើម្បីចែករំលែកអំពីផែនការយុទ្ធសាស្ត្ររបស់ខ្លួន លើការពង្រីកទីផ្សារអន្តរជាតិ មកកាន់ប្រទេសអាស៊ី និងក្តីរំពឹងនៃការដាក់ជើងហោះហើររបស់ខ្លួន មកកាន់ប្រទេសកម្ពុជា នៅពេលវេលាសមស្របណាមួយ។

ភាគីកម្ពុជា មានការរំពឹងទុកយ៉ាងមុតមំាថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៥ នោះជើងហោះហើរថ្មីៗនៃប្រទេសទាំងពីរ និងពីបណ្តាប្រទេសជាមិត្តផ្សេងៗទៀត នឹងអាចមានលទ្ធភាពច្រើន ដោយសារតែប្រទេសកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតដំបូងលំដាប់ខ្ពស់បំផុត 4F មានសក្តានុពលវិស័យទេសចរ វិនិយោគ និងកិច្ចប្រជុំអន្តរជាតិធំៗ ប្រព្រឹត្តទៅនៅកម្ពុជា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕