(កូឡុំបូ)៖ ប្រទេសស្រីលង្កាកំពុងរំពឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងកើនឡើងពីមួយភាគប្រាំដល់ ១.៣ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយប្រទេសឥណ្ឌាទំនងជាមុខគេ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងវិបត្តិដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយក្រុមប្រឹក្សាវិនិយោគ (BoI) ថា ទោះបីជាស្រីលង្កាបានធ្លាក់ចូលក្នុងវិបត្តិកាលពីឆ្នាំមុន ដោយសារការដាច់ចរន្តអគ្គិសនី កង្វះប្រេងឥន្ធនៈនិងអាហាររ៉ាំរ៉ៃ ហើយអតិផរណាកើនឡើងខ្លាំងក៏ដោយ ក៏ប្រទេសនេះអាចបង្កើន FDI របស់ខ្លួនបាន ៣៨ភាគរយដល់ ១.០៨ពាន់លានដុល្លារ។

ផ្នែកមួយនៃការកើនឡើងនេះ បានមកពីប្រទេសឥណ្ឌាដែលចង់ទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងប្រទេសជិតខាងរបស់ខ្លួន។ ក្រុមហ៊ុន Adani របស់ឥណ្ឌាបានចុះហត្ថលេខាលើសាងសង់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ចំនួនពីរ ដែលមានតម្លៃ ៤៤២លានដុល្លារកាលពីឆ្នាំមុន។

លោកស្រី Renuka Weerakone អគ្គនាយក BoI បាននិយាយថា នៅក្នុងត្រីមាសទីមួយ ប្រទេសស្រីលង្កាបានទទួលសំណើវិនិយោគតម្លៃ ៦០០លានដុល្លារ ដោយមានគម្រោងថ្មីចំនួន២២ និងគម្រោងពង្រីកការវិនិយោគចំនួន៥។

ប្រទេសស្រីលង្កាកំពុងពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ថាមពលពន្លឺព្រះអាទិត្យនិងខ្យល់ និងការកែច្នៃរ៉ែ ដើម្បីទាក់ទាញការវិនិយោគ។

លោកស្រី Weerakone បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន MCS Group របស់ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ២០លានដុល្លារសម្រាប់ការកែច្នៃរ៉ែ ដែលជាគម្រោងធំបំផុតដែលប្រទេសស្រីលង្កាទទួលបានរហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៣។

ប្រទេសផ្សេងទៀតក៏ចាប់អារម្មណ៍ដែរ ដោយលោកស្រីបានបន្ថែមថា «ប្រទេសជប៉ុនមានការចាប់អារម្មណ៍ខ្លាំងលើរ៉ែ ហើយចិនក៏ចាប់អារម្មណ៍ខ្លាំងដែរ»

លោកស្រីបន្តថា «វត្ថុធាតុដើមដែលយើងមានគឺជាអ្វីដែលយើងពិតជាអាចយកមកប្រើប្រាស់ដើម្បីទទួលបានការវិនិយោគថ្មីៗ»